ល្អមែនទែន! រៀនតាមអ៉ឺនធឺណេត ច្នៃសំរាមផ្លាស្ទិកធ្វើជាឥដ្ឋអេកូ បច្ចុប្បន្នបង្កើតជាសិប្បកម្មកំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជន
អាជីវកម្ម June 22, 2021 Khmernote

ម្ចាស់សិប្បកម្មម្នាក់នៅក្រុងតាខ្មៅ មានគំនិតច្នៃប្រឌិតខ្ពស់ ក្នុងការកែច្នៃសំរាមផ្លាស្ទីក យកមកធ្វើជាឥដ្ឋអេកូ ដែលមានគុណភាពខ្ពស់ដល់សំណង់និងកាត់បន្ថយការចោលសំរាមផ្លាស្ទីកនៅទីសាធារណៈ ខណ:ដែលបច្ចុបន្នមានអតិថិជនជាច្រើនបានបញ្ជាទិញជាច្រើន។ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក សុខធី ម្ចាស់សិប្បកម្មកែច្នៃកាកសំណល់ផ្លាស្ទីកនៅ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានបើកសិប្បកម្មកែច្នៃកាកសំណល់ផ្លាស្ទីក មកធ្វើជាឥដ្ឋអេកូរយៈពេល ២ឆ្នាំជាងមកហើយ ដើម្បីផ្គត់ផ្គង់ក្នុងស្រុកក៏ដូចជាការនាំចេញទៅកាន់រាជធានីខេត្តផ្សេងៗទៀត។

លោកបានបន្តថា សម្រាប់បច្ចេកទេសក្នុងការ ផលិតឥដ្ឋអេកូ គឺលោកបានសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត និងបានសិក្សាជាមួយអ្នកជំនាញតាមបណ្ដាប្រទេសមួយចំនួនដូចជា ថៃ ចិន ឥណ្ឌា ម៉ាឡេស៊ី និងហ្វីលីពីន។ លោកបានបន្ថែមថា សម្រាប់កាកសំណល់ផ្លាស្ទីកទាំងអស់ដែលលោកយកមកច្នៃធ្វើជាឥដ្ឋអេកូ គឺលោកបានសហការជាមួយខាងសាលារៀន សហគមន៍ ក៏ដូចជា មន្ទីរបរិស្ថានឱ្យជួយអប់រំផ្សព្វ ផ្សាយ ដើម្បីឱ្យទីក្រុងស្អាតគ្មានសំរាមផ្លាស្ទីក។

“ភាគច្រើនយើងផ្ដោតទៅលើកាកសំណល់ផ្លាស្ទីកដែលប្រជាពលរដ្ឋប្រើប្រាស់ហើយយើងមិនចង់ឱ្យគាត់បោះចោល យើងឱ្យគាត់សម្អាតហើយយើងយកមកធ្វើការកែច្នៃ ហើយជាប្រភេទផ្លាស្ទីកដែលគេបោះចោល លក់ឱ្យអេតចាយគេអត់ទិញយើងធ្វើការសហការជាមួយខាងសាលារៀនឱ្យគាត់អប់រំផ្សព្វផ្សាយ ទៅកូនសិស្ស ក៏ដូចជាតាមសហគមន៍ យើងផ្សព្វផ្សាយឱ្យខាងអាជ្ញាធរនិងមន្ទីរបរិស្ថាន ផ្សព្វផ្សាយទៅខាងសហគមន៍ យើងប្រមូលពីខាងសាលាដោយមិនមានការទិញនោះទេ”។

លោកអំនាវទៅដល់ប្រជាពលរដ្ឋ ដែលមានអាជីវកម្មផ្ទាល់ខ្លួនទាំងអស់ ក្រៅពីរកប្រាក់ចំណេញហើយ ត្រូវជួយគិតគូរដល់សង្គមយើងផង ជាពិសេស គឺការថែទាំបរិស្ថានដោយផ្អែកលើពាក្យ ស្លោក (បរិស្ថានស្អាត សេវា កម្មល្អ និងមានអនាម័យ)។

សូមបញ្ជាក់ថា សិប្បកម្មកែច្នៃកាកសំណល់ផ្លាស្ទីកបានបង្កើតតាំងពីឆ្នាំ២០១៩ និងបានចាប់ផ្ដើមលក់នៅដើមឆ្នាំ២០២១ សម្រាប់តម្លៃក្នុងមួយម៉ែតការ៉េ ៤០ដុំឥដ្ឋ មានតម្លៃ ៨ដុល្លារ៥កាក់។ ក្នុងនោះដែរសម្រាប់កាកសំណល់ដែលត្រូវយកមកកែច្នៃមានដួចជា ថង់មី ថង់នំ ទុយោទឹក កែវកាហ្វេជ័រ ថង់ផ្សេងៗជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន