ដួងសោម ត្រូវបានអ្នកខេត្តព្រះវិហារហៅថា អាហារស្ដេច ខណៈបច្ចុប្បន្នមានតម្លៃពី ១២០០០-២០០០០ រៀលក្នុងមួយគ្រាប់
អាជីវកម្ម June 19, 2021 Khmernote

ទីផ្សារដង្កូវដួង កំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជន ខណៈដែលបច្ចុប្បនុ្នកំពុងមានតម្រូវការសម្រាប់អ្នកបរិភោគ និងលក់បន្តនៅតាមរាជធានី ខេត្តផ្សេងៗទៀត។ យ៉ាងណាមិញ បើក្រលេកមកមើលដួងមួយប្រភេទ ដែលត្រូវបានគេហៅថា ដួងសោម ហាក់មិនសូវឃើញមានលក់ច្រើនលើទីផ្សារនោះទេ ហើយតម្លៃវិញក៏ខ្ពស់ជាង ដង្កូវដួងធម្មតាដែរ។

បើយោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា ដួងសោម រស់នៅក្នុងដើមសោម និងស៊ីបណ្តូល ឬគមសោមជាអាហារ មុនវិវត្តទៅជាសត្វកញ្ចែរប្រម៉ោយមួយ។ ដើមសោមមានដុះច្រើន នៅតាមដីសើមជាំទឹក តាមមាត់អូរ ដូចជានៅសហគមន៍តំបន់ការពារធម្មជាតិជីឱកបឹងប្រីយ៍ ក្នុងខេត្តព្រះវិហារ ជាប់ព្រំប្រទល់ជាមួយខេត្តកំពង់ធំ។

ក្រសួងបានបន្ត តាំងពីបុរាណកាលមក ជនជាតិកួយដែលរស់ក្នុងនៅតំបន់រវាងខេត្តកំពង់ធំ និងព្រះវិហារប្រមូលដួងសោមនៅចន្លោះខែសីហា-កញ្ញា ជាអាហារបំប៉នរបស់ពួកគាត់ តែក្រោយពីបានជ្រាបដល់ព្រះករុណាព្រះមហាក្សត្រនៅពេលនោះ ព្រះអង្គបានបញ្ជាដល់មេកន្ទ្រាញកួយឱ្យរៀបចំដួងសោម ដើម្បីថ្វាយជាក្រយ៉ាដល់ព្រះអង្គ ជារៀងរាល់ឆ្នាំ។

បច្ចុប្បន្ន ប្រជាសហគមន៍ជីឱកបឹងប្រីយ៍ នៅបន្តប្រមូលដួងសោមជាប្រពៃណីរបស់ខ្លួន តែមិនបានទទួលទានខ្លួនឯងទេ ដោយសារមានតម្រូវខ្ពស់នៅទីផ្សារ។ ជាទូទៅ ដួងសោមត្រូវប្រមូលមកទាំងគុលដើមសោម ដែលអាចរក្សាទុកបាន ២-៣ សប្តាហ៍បន្តទៀត មុនយកដួងសោមចេញមកធ្វើជាអាហារ។ ដួងសោម ជាអាហារធម្មជាតិដ៏ឆ្ងាញ់ មានលក់នៅតាមភោជនីយដ្ឋានមួយចំនួននៅខេត្តកំពង់ធំ និងព្រះវិហារ និងនៅទីក្រុងភ្នំពេញ នៅរដូវកាលប្រមូលផលក្នុងខែសីហា-កញ្ញា។ ដួងសោម មានតម្លៃពី ១២០០០-២០០០០ រៀលក្នុងមួយគ្រាប់។

ដោយឃើញពីតម្រូវការទីផ្សារដែលកំពុងកើនឡើង ក្រសួងបរិស្ថានបាន និងកំពុងជំរុញការដាំដើមសោមបន្ថែម នៅក្នុងផ្ទៃដីសហគមន៍គោលដៅ ដើម្បីបង្កើនចំណូលដល់ប្រជាសហគមន៍ ពីដួងសោម៕

អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងបរិស្ថាន