មុខរបរភ្ញាស់មាន់យកកូនលក់ នៅតែផ្ទះក៏អាចចាប់អាជីពបានដែរ ហើយមួយខែៗលក់កូនមាន់បានរាប់ពាន់ក្បាល
អាជីវកម្ម June 17, 2021 Khmernote

សៀមរាប៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឲ្យដឹងថា កសិករមួយរូបរស់នៅខេត្តសៀមរាបបានខិតខំប្រឹងប្រែងហាត់រៀនបច្ចេកទេសថ្មីៗ ក្នុងការចិញ្ចឹមមាន់ភ្ញាស់យកកូនលក់ រហូតបានធ្វើឲ្យជីវភាពគ្រួសារកាន់តែល្អប្រសើរមួយកម្រិតទៀតពីមុខរបរនេះ។ លោកឈឿម វ៉យ កសិកររស់នៅឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា រយៈពេល ៥ឆ្នាំហើយ ដែលលោកបានងាកមកចាប់ផ្តើមមុខរបរចិញ្ចឹមមាន់ភ្ញាស់កូនលក់ ដោយទទួលបានបច្ចេកទេស និងសម្ភារពីគម្រោង បឹងទន្លេសាប ព្រោះមុខរបរនេះមិនចំាបាច់ចំណាកស្រុក និងអាចរកប្រាក់ចំណូលបានគួរសម។

លោកបន្តថា សព្វថ្ងៃមេមាន់ដែលចិញ្ចឹមសម្រាប់ភ្ញាស់យកកូនលក់មានចំនួនជាង៥០០ក្បាល និងអាចលក់ចេញកូនមាន់ជាមធ្យម បានចន្លោះពី ២០០០ ទៅ ៣០០០ក្បាល ក្នុងមួយខែ និងមានតម្លៃចាប់ពី ៤,៥០០រៀលទៅ ៥,៥០០រៀលក្នុងមួយក្បាល។

លោកបន្តទៀតថា ទោះបីស្ថិតក្នុងស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩នៅក្នុងខេត្តសៀមរាប តែមុខរបរភ្ញាស់កូនមាន់លក់ មិនមានការរាំងស្ទះធំដុំណាមួយឡើយ គ្រាន់តែអត្រានៃការកុម្មង់ទិញកូនមាន់ហាក់ធ្លាក់ចុះបន្តិច។

ខ្ញុំបានគម្រោងពីខាងបឹងទន្លេសាបគាត់ចុះរើសកសិករឲ្យចិញ្ចឹមមាន់ភ្ញាស់កូនលក់ ខ្ញុំក៏ទទួលយកគម្រោងនេះ ខាងគម្រោង គាត់ជួយជាថវិកានិងសម្ភារខ្លះ យើងមានទុនខ្លះក៏ធ្វើ ដំណើរការមុខរបរនេះ អាចរកចំណូលបានខ្លះដែរ ហើយនៅផ្ទះផង អត់ពិបាកចេញទៅណាទៅណី ក៏ចាប់អាជីពនេះទៅ សព្វថ្ងៃខ្ញុំមានមេមាន់៥៥០ក្បាល ភ្ញាស់កូនលក់ អត់បានចិញ្ចឹមយកសាច់ទេ ក្នុងមួយខែតាមរដូវដែរ ខែខ្លះក៏បានតិចខែខ្លះក៏បានច្រើន ប៉ុន្តែក្នុងមួយខែបានចន្លោះពី ២០០០ ទៅ ៣០០០កូន ខ្ញុំលក់តែនៅក្នុងខេត្តសៀមរាបនេះទេ អត់សូវពិបាកទេ ពេលញាស់មកធ្វើម៉េចដាក់កម្តៅឲ្យបានគ្រប់គ្រាន់ ដាក់វីតាមីនចម្រុះឲ្យផឹក ដាក់ចំណីឲ្យវា។

សូមជម្រាបផងដែរថា មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានខិតខំជំរុញកសិករឲ្យងាកមកចាប់យកមុខរបរ កសិកម្ម ដោយមានផ្តល់ជាសម្ភារ និងបច្ចេកទេស ជាពិសេសបច្ចេកទេសនៃការដាំដុះដំណាំរួមផ្សំ និងចិញ្ចឹមសត្វ សម្រាប់ធ្វើជាម្ហូបអាហារ និងលក់ចេញ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គងជីវភាពគ្រួសារឲ្យល្អប្រសើ ខណៈដែលវិបត្តិនៃជំងឺ កូវីដ-១៩ ហាក់នៅមិនទាន់ធូរស្រាល នៅឡើយ។ ខេត្តសៀមរាប មានកសិដ្ឋានចិញ្ចឹមមាន់សរុបចំនួន៧៦កន្លែង សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងខេត្ត៕

ប្រភព៖ ក្រសួងព័ត៌មាន