ម្ចាស់ចម្ការទុរេននៅក្នុងខេត្តកំពតមួយរូប បានដឹកទុរេនឪខាក់កំពតមួយកេសតាមឡានផ្ទាល់ខ្លួន យកឱ្យអតិថិជនចម្រុះជាតិសាសន៍ សាកល្បងភ្លក់រសជាតិ នៅប្រទេសថៃ ជាលទ្ធផលអតិថិជនទាំងនោះ ពេញចិត្តខ្លាំង និងសរសើរទុរេនខ្មែរ ឆ្ងាញ់ជាងពូជទុរេនឆៈនី ឬម៉នថងរបស់ថៃ អ្នកខ្លះថែមទាំងថា ឪខាក់ឆ្ងាញ់ជាងទុរេនម៉ូសាងឃីងម៉ាឡេសុីទៀតផង។
យោងតាមការបញ្ជាក់របស់ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅលើផេកផ្ទាល់ខ្លួនកាលពីថ្ងៃសុក្រ ទី២២ ខែមីនា កន្លងទៅថ្មី បានឱ្យដឹងថា ម្ចាស់ចម្ការទុរេនកំពតនោះ មានឈ្មោះថា ឃឹម ប៊ុនឡែន បានផ្ញើវីដេអូ និងសារមួយនេះមកកាន់ឯកឧត្តមដោយរៀបរាប់ដូច្នេះថា៖ «កាលពីសប្តាហ៍មុន ខ្ញុំបានដឹកទុរេនឪខាក់កំពតមួយកេសតាមឡានដោយខ្លួនឯងផ្ទាល់ យកអោយអតិថិជនចិន ហុងកុង តៃវ៉ាន់ និងថៃសាកល្បងរសជាតិ នៅប្រទេសថៃ។ ជាមោទនភាព ពួកគាត់ពិតចិត្តស្ដូក ថាទុរេនយើងឆ្ងាញ់ជាងពូជទុរេនឆៈនី ឬម៉នថងរបស់ថៃ អ្នកខ្លះថែមទាំងថា ឪខាក់ឆ្ងាញ់ជាងទុរេនម៉ូសាងឃីងម៉ាឡេសុីទៀតផង។ សង្ឃឹមថា យើងអាចរៀបចំឯកសារទាន់ ហើយអាចមានលទ្ធភាពនាំចេញបានឆាប់ៗ។»
ទន្ទឹមនឹងសារដែលជាដំណឹងដ៏ល្អនេះ ឯកឧត្តមក៏បានបញ្ជាក់ថា លោក ឃឹម ប៊ុនឡែន បានសហការជាមួយក្រសួងកសិកម្ម និងកំពុងស្វែងរកគ្នាជាមួយចម្ការដទៃទៀត ដើម្បីចងក្រងជាសហគមន៍កសិកម្មទំនើប ក៏ដូចជាកំពុងព្យាយាមតភ្ជាប់ទៅកាន់ទីផ្សារនាំចេញទុកជាមុនផងដែរ៕
ប្រភព៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ