សត្វអាពីងខេត្តកំពង់ចាម នៅតែត្រូវប៉ាន់ខ្លាំងលើទីផ្សារ ខណៈអាជីវករម្នាក់លក់អាពីងបានចន្លោះពី ២ពាន់ ទៅ៥ពាន់ក្បាលក្នុងមួយថ្ងៃ
អាជីវកម្ម June 16, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សត្វអាពីងនៅខេត្តកំពង់ចាម នៅតែទទួលបានការគាំទ្រខ្លាំងពីអតិថិជនដែលនិយមបរិភោគ ព្រោះសត្វប្រភេទនេះមានរសជាតិឆ្ងាញ់ និងជួយបង្កើនថាមពលក្នុងរាងកាយ។ អ្នកស្រី សន សុផន អាជីវករលក់ អាពីងធម្មជាតិ ដែលស្ថិតនៅក្នុងឃុំផ្ដៅជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានប្រាប់វិទ្យុជាតិកម្ពុជាថា អ្នកស្រីបានចាប់របរលក់អាពីងនេះ អស់រយ:ពេលជាង ២ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាម រាជធានី ខេត្តផ្សេងៗទៀត។

អ្នកស្រីប្រមូលទិញសត្វអាពីង ពីប្រជាកសិករដែលទៅរកនៅក្នុងព្រៃដោយផ្ទាល់ ដើម្បីលក់បន្តតាមតម្រូវការអ្នកបញ្ជាទិញ។ អ្នកស្រីថា មូលហេតុដែលលក់អាពីងនេះ ដោយសារសត្វអាពីងមានទីផ្សារ មានអ្នកចូលចិត្តទទួលទានច្រើន មានតម្លៃថ្លៃ និងមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព ដូចជា បំបាត់ចុករោយដៃជើង បំបាត់ក្អក និងធ្វើឱ្យត្រជាក់ក្នុងខ្លួន ។

អ្នកស្រីបន្ថែមថា៖ « មិនថាតែភ្ញៀវខ្មែរក្នុងស្រុកទេ សូម្បីភ្ញៀវបរទេសក៏ចូលចិត្តទទួលទានដែរ។ សត្វអាពីងដូចជា ប្រទាលមួយមុខដែរ គឺជាថ្នាំ បើនៅរស់អាពីងភ្លើងគេយកទៅត្រាំស្រាស ហើយលាយជាមួយផ្លែឈើទុករយៈពេលមួយខែ ឬក៏ពីរខែទើបញាំធ្វើឱ្យបាត់ចុកដៃចុកជើង បាត់ក្អក។ និយាយឲ្យចំទៅបើពេលដែលយើងលក់ដាច់ច្រើន អ្នកដែលនៅតាមចំការក៏គាត់អាចរកលុយបានច្រើនដែរ » ។

អ្នកស្រីបន្តថា សត្វអាពីង គឺជាអាហារញាំផង និងជាថ្នាំផងដោយយកទៅបំពង លីង ឬត្រាំជាមួយស្រាស ។ ក្នុងមួយថ្ងៃ អ្នកស្រីអាចលក់អាពីងបានចន្លោះពី ២០០០ក្បាល ទៅ៥០០០ក្បាល ហើយចំពោះតម្លៃសត្វអាពីង គឺលក់រាយក្នុង ១០០ក្បាលមានតម្លៃ៤០០០០រៀល និងបោះដុំ១០០ក្បាលមានតម្លៃ ៣៤០០០រៀល។

សូមបញ្ជាក់ថា សត្វអាពីងនេះ ច្រើនឃើញគេលក់នៅតំបន់ចំណតរថយន្តផ្សារស្គន់ និងតាមភោជនីយដ្ឋាននានាក្នុងតំបន់ស្គន់ ដែលប្រជាពលរដ្ឋនិងភ្ញៀវទេសចរដែលបានឆ្លងកាត់នៅទីនោះមិនដែលរំលងឡើយ ពោលគឺឆ្លៀតចូលទិញជាហូរហែរ ដោយញុំាផ្ទាល់នៅកន្លែង ញុំាតាមរថយន្ត និងទិញ ផ្ញើអ្នកផ្ទះ ៕

ប្រភព៖ ក្រសួងព័ត៌មាន