ឯកឧត្តម វេង សាខុន តាមរយៈការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនបានបង្ហាញថា កសិដ្ឋានចិញ្ចឹមគោមួយកន្លែង នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ទទួលបានជោគជ័យខ្លាំង ដោយផ្ដើមចេញពីគោតែ ៧ក្បាលប៉ុណ្ណោះ។ បច្ចុប្បន្នកសិដ្ឋាននេះចិញ្ចឹមគោដល់ទៅរាប់រយក្បាល រកប្រាក់ចំណូលបានមិនចេះតិច ហើយសូម្បីតែលាមកគោក៏អាចលក់បានចំណូលខ្ទង់លានរៀលផងដែរ។
តាមការបង្ហោះរបស់ឯកឧត្តម លោក ហួត លាង (លេខទំនាក់ទំនង 097 3868889) បានរៀបរាប់ថា ផលិតកម្មចិញ្ចឹមគោនេះបានចាប់ផ្ដើមនៅឆ្នាំ២០១៣ មានគោ ៧ក្បាល ៣ឆ្នាំបន្ទាប់មកចំនួនគោកើនបាន ៣៨ក្បាល។ លោកបានបន្តថាដោយសារការចិញ្ចឹមខ្វះបច្ចេកទេស លែងគោឲ្យដើរស៊ីស្មៅនៅតាមទីវាល មិនបានចាក់ថ្នាំការពារ ទម្លាក់សត្វល្អិត និង មិនបានអនុវត្តជីវសុវត្ថិភាព។ល។ ធ្វើឲ្យអាជីវកម្មមួយនេះស្ទើរដួលរលំ។
ម្ចាស់កសិដ្ឋានបានបន្ថែមថា ក្រោយពីបានមន្ត្រីជំនាញពេទ្យសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះណែនាំ និងផ្ដល់បច្ចេលទេសចិញ្ចឹមមានដូចជាការផ្តល់ចំណី ការជ្រើសរើស និងបង្កាត់ពូជ ការថែទាំ ការចាក់ថ្នាំការពារជំងឺឆ្លង ការទម្លាក់សត្វល្អិត និងការធ្វើជីវសុវត្ថិភាព ធ្វើឲ្យកសិដ្ឋានមានការរីកចម្រើនជាបន្តបន្ទាប់។ ជាក់ស្តែងបច្ចុប្បន្ន កសិដ្ឋានមានគោ(កូន ជំទង់ មេ និងបា) ជាង ៤០០ក្បាល ជាមធ្យម គាត់អាចលក់គោបានចំនួន ៦ ទៅ៨ក្បាល/ថ្ងៃ ចំពោះតម្លៃគោរស់ទិញចូល ១៣ ៨០០រៀល/គ.ក្រ និងលក់ចេញ ១៤ ៥០០រៀល/គ.ក្រ។ បច្ចុប្បន្នកសិដ្ឋានមានវាលស្មៅចំនួន ៦ហិកតា សម្រាប់ទុកឲ្យសត្វស៊ី ដោយលាយផ្សំជាមួយចំណីសម្រេច កាកស្រាបៀ និងដំឡូងមី។ ជាងនេះទៅទៀត ក្រៅពីចំណូលបានពីលក់គោរស់ នៅមានចំណូលដ៏សំខាន់មួយទៀត គឺលក់លាមកម៍គោ ក្នុង១ឆ្នាំប្រមាណជាជាង ៨០លានរៀលទៀតផង។
ដោយឃើញភាពជោគជ័យដែលលោក ហួត លាង ទទួលបាននាថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសាទរ និងបង្ហាញពីឆន្ទ:គាំទ្រ និងលើកទឹកចិត្តឲ្យលោក លាង បន្តខិតខំលើការងារបច្ចេកទេសចិញ្ចឹម និងប្រសិទ្ធភាពសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើ ធ្វើយ៉ាងណារក្សាបាននូវនិរន្តរភាពនៃកំណើនផលិតកម្មគោសាច់ និងកំណើនសេដ្ឋកិច្ចគ្រួសារ ចូលរួមផ្គត់ផ្គង់ឲ្យទីផ្សារសាច់ ដែលមាននិន្នាការកើនឡើងជាបន្តបន្ទាប់។ ហើយដើម្បីជាការលើកទឹកចិត្ត និងផ្សព្វផ្សាយការបង្កាត់សប្បនិម្មិត ឯកឧត្តមរដ្ឋមន្ត្រីបានជួយឧបត្ថម្ភធុងរក្សាទឹកមេជីវិត ថ្នាំការពារ និងព្យាបាលជំងឺមួយចំនួនទៀត។






អត្ថបទ៖ លីនី


