នារីវ័យក្មេងម្នាក់ ប្ដឹងក្រុមហ៊ុន Apple ទារសំណងជាច្រើនលានដុល្លារ បន្ទាប់ពីជាងជួសជុលទូរស័ព្ទរបស់ក្រុមហ៊ុន ហ៊ានធ្វើរឿងមួយនេះ
អាជីវកម្ម June 9, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន entrepreneur បានឱ្យដឹងថា ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ពិភពលោក បានបង់ប្រាក់សងជំងឺចិត្តដល់នារីវ័យក្មេងម្នាក់ជាច្រើនលានដុល្លារ ក្រោយជាងជួសជុលទូរស័ព្ទ iPhone ក្នុងហាងមួយកន្លែង ធ្វើឱ្យបែកធ្លាយរូបថតរបស់នាងនៅលើបណ្ដាញហ្វេសប៊ុក។

សារព័ត៌មានដដែលបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងក្នុងឆ្នាំ២០១៦ នៅពេលដែលនារីវ័យ ២១ឆ្នាំ រស់នៅក្នុងរដ្ឋ Oregon បានយកទូរស័ព្ទរបស់ខ្លួនទៅជួសជុសនៅក្នុងហាងមួយដែលមានឈ្មោះថា Pegatron ដែលទទួលស្គាល់ដោយ Apple នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។

ប្រភពបានបន្តឱ្យដឹងទៀតថា ជាងជួសជុលទូរស័ព្ទបានចូលទៅមើល អាល់ប៊ុមរូបថតក្នុងទូរស័ព្ទដៃរបស់នាង ហើយបាន​ធ្វើការបង្ហោះ រូបថត ១០សន្លឹក ជាមួយនឹងវីដេអូសម្ងាត់ ចេញពីគណនីហ្វេសប៊ុករបស់នាង ដែលមើលទៅហាក់ដូចជានាងបានបង្ហោះដោយខ្លួនឯង។

យ៉ាងណាមិញ បញ្ហានេះត្រូវបានដោះស្រាយដោយសម្ងាត់ ដើម្បីជៀសវាងរឿងអាស្រូវដែលប៉ះពាល់ដល់មុខមាត់ Apple ។ ប៉ុន្តែព័ត៌មាននេះត្រូវបានផ្សាយជាសាធារណៈ ក្រោយប្រព័ន្ធផ្ទុកឯកសារច្បាប់ដែលពិពណ៌នាអំពីឧប្បត្តិហេតុនេះ ត្រូវបយកមកប្រើប្រាស់ឡើងវិញ។ ក្នុងកំណត់ត្រាបង្ហាញថា មេធាវីរបស់និស្សិតបានស្នើសុំសំណងចំនួន ៥ លានដុល្លារ បើមិនដូច្នេះទេពួកគេនឹងដំណើរការបណ្តឹង ពីលុកលុយភាពឯកជននិងបង្កភាពតានតឹងក្នុងអារម្មណ៍។ លើសពីនេះទៅទៀតពួកគេបានព្រមានអំពី “ការផ្សព្វផ្សាយជាសាធារណៈ” ដែលនឹងមានឥទ្ធិពលលើក្រុមហ៊ុនដែលបង្កើតឡើងដោយលោក Steve Jobs ទៀតផង។

ទោះជាយ៉ាងនេះក្ដី មុនពេលបញ្ហានេះកាន់តែរីកធំឡើង Apple បានឈានដល់កិច្ចព្រមព្រៀងជាមួយនារីវ័យក្មេង ដែលក្នុងនោះពួកគេបានព្រមបង់ប្រាក់ “ រាប់លានដុល្លារ” ដល់នាង។ ឯកសារទាំងនោះមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ពិតប្រាកដនៃការសងសំណងប្រាក់នោះទេ ប៉ុន្តែឯកសារទាំងនោះមានបញ្ចូលប្រយោគសម្ងាត់ដែលរារាំងជនរងគ្រោះមិនឱ្យនិយាយអំពីរឿងក្តី និងបង្ហាញពីចំនួនទឹកប្រាក់ដែលគាត់បានទទួល៕

អត្ថបទ៖ លីនី
ប្រភព៖ entrepreneur