ឱកាសល្អ! អ្នកចិញ្ចឹមសត្វអូទ្រីសក្នុងខេត្តកំពង់ស្ពឺ ចែករំលែកបទពិសោធន៍ក្នុងការចិញ្ចឹមដោយឥតគិតថ្លៃ ខណៈសត្វប្រភេទនេះកំពុងមានទីផ្សារ និងងាយស្រួលចិញ្ចឹម
អាជីវកម្ម June 7, 2021 Khmernote

កសិដ្ឋានចិញ្ចឹមសត្វអូទ្រីសមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ បានចូលរួមចែករំលែកបទពិសោធន៍ក្នុងការចិញ្ចឹម ខណៈដែលបច្ចុប្បនុ្នសត្វប្រភេទនេះ កំពុងមានតម្រូវការសម្រាប់អ្នកបរិភោគ និងលក់បន្ត។ លោក តេង ប៊ុនធី កសិករចិញ្ចឹម និងលក់សត្វអូទ្រីស ដែលស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានចាប់របរចិញ្ចឹមសត្វអូទ្រីសនេះ អស់រយះពេលជិត៨ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជធានី ខេត្តផ្សេងៗទៀត។ លោកបានបន្ថែមថា សម្រាប់សត្វអូទ្រីសនេះ គឺអាចលក់ជូនអតិថិជនបាន ទាំងមេ ទាំងកូន ទាំងពង និងសាច់ផងដែរ ។

លោកបានបញ្ជាក់ថា ការចិញ្ចឹមសត្វអូទ្រីស មិនមានការលំបាកអ្វីទេ ដោយសារតែសត្វនេះវាស៊ីស្មៅ ស៊ីបន្លែជាចំណីអាហារ គ្រាន់តែវាត្រូវការកន្លែងធំទូលាយ ។ សម្លេង៖ «តាមពិតសត្វនឹងយើងស្រួលចិញ្ចឹមវាស៊ីតិច វាស៊ីស្មៅស៊ីអីហើយយើងអាចបានសាច់ច្រើន វាស៊ីស្មៅស៊ីត្រកួនអីចឹងយើងដាក់ចំណីឱ្យវាតិចតួចអីទៅយើងចិញ្ចឹមបានហើយ យើងចិញ្ចឹមទៅគឺវាចំណេញហើយដោយសារសាច់វាច្រើន សត្វនឹងគឺថាវាស៊ីតិចតែខ្លួនវាធំ យើងបានសាច់ច្រើនប្រសិនបើគាត់ចង់ចិញ្ចឹមហូប ឬក៏ចិញ្ចឹមលក្ខណ:មើលអីក៏បានដែរអាចសួរខ្ញុំបានទាំងអស់ហើយបើប្រជាកសិករគាត់ចង់ចិញ្ចឹមខ្ញុំយល់ថាប្រហែលជាចំណេញវាអត់ពិបាកថែដូចគោ ព្រោះវាស៊ីតិចប្រហែលស្មើនឹងក្ងាន ២ចឹងបើមានប្រជាជនណាគាត់ចង់ចិញ្ចឹមគឺវាល្អ»។

លោកបញ្ជាក់ទៀតថា ចំពោះកសិករផ្សេងទៀតដែលចង់ចិញ្ចឹមសត្វអូទ្រីសនេះ កសិដ្ឋានរបស់លោកស្វាគមន៍ជានិច្ច ដោយមិនគិតថ្លៃសេវាអ្វីឡើយ ពីបច្ចេកទេសចិញ្ចឹម ការផ្តល់ចំណី ការថែទំា ការព្យាបាល ខណៈដែលកសិដ្ឋាននេះបានផ្តល់បច្ចេកទេសដល់អ្នកចិញ្ចឹមជា ច្រើននាក់រួចមកហើយ ដោយការចិញ្ចឹមទទួលបានជោគជ័យ ។

សូមបញ្ជាក់ថា កសិដ្ឋានចិញ្ឋឹមអូទ្រីសនេះ បានបង្កើតអស់រយៈពេលជិត ៨ឆ្នាំមកហើយលើផ្ទៃដី១០ហិកតា និងមានសត្វប្រមាណជាង ១០០ក្បាល ដែលនាំយកពូជមកពីប្រទេស អាហ្វ្រិក ដែលលក់បានក្នុងតម្លៃ មេ១ក្បាល ៦០០ដុល្លារ កូនពូជ ១ក្បាល ១៥០ដុល្លារ និងពង១គ្រាប់ ២០ដុល្លារ៕

ប្រភព៖ ក្រសួងព័ត៌មាន