ខណៈគេបះជើងគ្រប់គ្នាក្នុងសម័យកូវីដ ក្រុមហ៊ុនដែកថែប CP All បោះលុយជិត ៤០០លានដុល្លារ បើកហាង 7-Eleven ៧០០កន្លែងបន្ថែមទៀត
អាជីវកម្ម June 4, 2021 Khmernote

យោងតាមសារព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមហ៊ុន CP All Plc ដែលជាប្រតិបត្តិករនៃហាង 7-Eleven គ្រោងនឹងចំណាយប្រាក់ចំនួន ១១.៥ ទៅ ១២ ពាន់លានបាត (ប្រមាណ ៣៦៨ ទៅ ៣៨៤ លានដុល្លារ) នៅឆ្នាំនេះដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។

ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន លោក Kriengchai Boonboapichart បាននិយាយថា ការចំណាយសរុបចំនួន ៤ ទៅ ៤.១ ពាន់លានបាតសម្រាប់ការវិនិយោគលើគម្រោងថ្មីៗ ក្រុមហ៊ុនបុត្រសម្ព័ន្ធនិងមជ្ឈមណ្ឌលចែកចាយ ដោយឡែកចំនួន ៣.៨ ទៅ ៤ ពាន់លានបាតត្រូវបានគ្រោងសម្រាប់ការពង្រីកហាង និង ២.៤ ទៅ ២.៥ ពាន់លានបាត សម្រាប់ការជួសជុលហាង និង នៅសល់ ១.៣ ទៅ ១.៤ ពាន់លានបាតគឺសម្រាប់ទ្រព្យសម្បត្តិថេរ និងប្រព័ន្ធព័ត៌មានវិទ្យា។

លោក Kriengchai បានបន្ថែមថា “យើងនឹងបន្តបើកហាងថ្មី ប៉ុន្តែដោយវិធីសាស្រ្តប្រុងប្រយ័ត្នជាងមុន។ មានភាពមិនច្បាស់លាស់ជាច្រើន ដូច្នេះយើងនឹងជ្រើសរើសទីតាំងដែលអាចបង្កើតប្រាក់ចំណូល និងមានតម្រូវការពិតប្រាកដពីអតិថិជន ។ លើសពីនេះទៅទៀតទីតាំងនីមួយៗត្រូវតែមានសមត្ថភាពក្នុងការគាំទ្រដល់យុទ្ធសាស្រ្តលក់រាយ O2O [online-to-offline] របស់យើង “។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន CP All Plc គ្រោងនឹងបើកហាងងាយស្រួលថ្មីចំនួន ៧០០កន្លែង នៅឆ្នាំនេះប្រហាក់ប្រហែលនឹងឆ្នាំមុន។ ជាមួយគ្នានេះដែរ ហាង 7-Eleven ថ្មិ ចំនួន ១៥៥ ត្រូវបានបើកនៅក្នុងត្រីមាសទី ១ ក្នុងឆ្នាំនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost