រដ្ឋបាលក្រុងកំពត ផ្អាកអាជីវកម្មលក់ដូរគ្រប់ប្រភេទក្នុងផ្សាររាត្រីជាបណ្តោះអាសន្នរយៈពេល ១សប្តាហ៍
អាជីវកម្ម June 3, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានមុននេះបន្តិចបានឱ្យដឹងថា រដ្ឋបាលក្រុងកំពតបានផ្អាកអាជីវកម្មលក់ដូរគ្រប់ប្រភេទក្នុងផ្សាររាត្រីកំពតជាបណ្តោះអាសន្នរយៈពេល ១សប្តាហ៍ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២១ ដើម្បីទប់ស្កាត់កូវីដ-១៩។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលក្រុងកំពត បានឱ្យដឹងថា ថ្មីៗនេះមានករណីវិជ្ជមានកូវីដ-១៩ (COVID-19+) លើអាជីវករតូប លេខD-08,09 ស្វាមីអ្នកស្រី នាង សុខ ដែលបានតេស្តរួចមកហើយ។ រដ្ឋបាលក្រុងកំពតសម្រេចផ្អាកអាជីវកម្មលក់ដូរគ្រប់ប្រភេទក្នុងផ្សាររាត្រីកំពត ជាបណ្តោះអាសន្ន រយៈពេលមួយសប្តាហ៍ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងការណែនាំរួមអំពីវិធានការនានារបស់ក្រសួងសុខាភិ បាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ- ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈដែលមិនទាន់មានសភាពធូរស្បើយនៅឡើយនោះ។

សូមបញ្ជាក់ថា ចំពោះករណីបងប្អូនដែលមានការពាក់ព័ន្ធនឹងឈ្មោះខាងលើ សូមអញ្ជើញមកពិនិត្យសំណាកនៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពត ។ក្នុងករណីលោក លោកស្រីមិនអនុវត្តតាមការណែនាំនេះ រដ្ឋបាលក្រុងកំពតនឹងចុះអនុវត្តវិធានការតាមនីតិវិធីច្បាប់ជាធរមាន៕

ប្រភព៖ ក្រសួងព័ត៌មាន