យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃនេះបានឱ្យដឹងថា ខេត្តត្បូងឃ្មុំបានពង្រីកផ្ទៃដីដំាដំណាំទុរេនកើនដល់ ៤៦០ហិកតា ខណៈដែលទុរេនខេត្តនេះល្បីថាឆ្ងាញ់ មិនចាញ់ខេត្តកំពត ហើយទទួលបានការគាំទ្រយ៉ាងខ្លំាងពីអតិថិជន។ លោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ បានប្រាប់វិទ្យុជាតិកម្ពុជាថា ការដាំដំណាំទុរេននៅក្នុងខេត្ត កាលពីប៉ុន្មានឆ្នាំមុន មិនសូវមានការដាំដុះច្រើនទេ តែពេលបច្ចុប្បន្ននេះ កំពុងតែពេញនិយមខ្លាំង ដោយសារតម្លៃទុរេនក្នុងស្រុក គឺខ្ពស់ជាងទុរេននាំចូល ហើយមិនមានបញ្ហាទីផ្សារ ដោយសារមានតម្រូវការខ្ពស់ ។
លោកបានបន្តថា ការដំាទុរេនក្នុង១ហិកតាអាចរកប្រាក់ចំណូលបានប្រមាណពី ១ទៅ២ម៉ឺនដុល្លារ ប៉ុន្តែតម្រូវឱ្យអនុវត្តតាមបច្ចេសទេសឱ្យបានត្រឹមត្រូវជាមួយនឹងការថែ ទាំយ៉ាងដិតដល់ ទើបអាចទទួលបានជោគជ័យ តាមការរំពឹងទុក ។

សំឡេង ៖ « ទាក់ទងនឹងការដាំដុះទុរេននៅក្នុងខេត្តត្បូងឃ្មុំឃើញថា ដោយសារតម្រូវការមានច្រើន ហើយតម្លៃបានគួរសមផង ឃើញថាប៉ុន្មានឆ្នាំនេះ ឃើញកសិករដាំទុរេនច្រើនដែលបានកាប់ដើមកៅស៊ូនិងស្វាយចន្ទី ហើយបានដាក់ដាំធុរេនវិញ។ ដូច្នេះឃើញថា ផ្ទៃដីមានការកើនឡើង ដោយសារក្នុងឆ្នាំ ២០១៨ ឆ្នាំ២០១៩ យើងមានផ្ទៃដីត្រឹមតែ ២៧០ហិកតា ដែលរហូតដល់ឆ្នាំ២០២០ គឺការដាំដុះទុរេនគឺកើនឡើងដល់៤៦០ហិកតា អ៊ីចឹងឃើញថាផ្ទៃដីមានការកើន ឡើងច្រើន ដូច្នេះតាមសន្ទុះមើលទៅ គឺផ្ទៃដីនឹងមានការកើនឡើងជាបន្តទៀត សម្រាប់ការដាំដុះដំណាំទុរេននេះ »។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន៥២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ៣៤០៣ហិកតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦ ៦៥៦តោនក្នុង១ឆ្នាំ ហើយបច្ចុប្បន្ននេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បាននិងកំពុងត្រៀមរៀបចំដាក់ចេញនូវគោលនយោបាយ ជំរុញខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ជាពិសេសជំរុញការនាំចេញទៅក្រៅប្រទេស ៕

ប្រភព៖ ក្រសួងព័ត៌មាន


