យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាព Covid-19 (CCSA) កាលពីថ្ងៃច័ន្ទបានលុបចោលបទបញ្ជាដែលអនុញ្ញាតឱ្យអាជីវកម្មមួយចំនួនបើកដំណើរការឡើងវិញ ដោយនិយាយថា គ្រប់អាជីវកម្មទាំងអស់ត្រូវតែបិទរហូតដល់ថ្ងៃទី ១៤ ខែមិថុនា។
គួររម្លឹកថា រដ្ឋបាលក្រុងបាងកកបានសំរេចចិត្តអនុញ្ញាតឱ្យអាជីវកម្ម ៥ប្រភេទនៅក្នុងទីក្រុងបាងកកបើកឡើងវិញ ក្រោមលក្ខខណ្ឌតឹងរឹងគិតត្រឹមថ្ងៃអង្គារនេះ។ គោលបំណងក្នុងការបើកឡើងវិញនេះ គឺដើម្បីបន្ធូរបន្ថយបន្ទុកដល់ម្ចាស់អាជីវកម្មដែលរងផលប៉ះពាល់ដោយរលកទីបីនៃការផ្ទុះឡើងនៃវីរុស Covid-19។

ជាមួយគ្នានេះ ប្រភេទអាជីវកម្មដែលត្រូវបានកំណត់បើកជាថ្មីនៅថ្ងៃអង្គារនេះរួមមាន ៖ សារមន្ទីរ មជ្ឈមណ្ឌលសិក្សា ឧទ្យានវិទ្យាសាស្ត្រ កន្លែងប្រវត្តិសាស្ត្រ និងវិចិត្រសាលសិល្បៈ ហាងចាក់សាក់និងហាងធ្វើក្រចក គ្លីនិកសម្ផស្ស ហាងស្ប៉ា កន្លែងម៉ាស្សា និងកន្លែងទាក់ទងនឹងការថែទាំសុខភាព ឧទ្យានសាធារណៈ និងសួនច្បាររុក្ខសាស្ត្រ៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


