ឃើញរបរតូចតាចកុំមើលស្រាល! កសិករម្នាក់នៅសៀមរាប រកចំណូលបានជាង ៣ពាន់ដុល្លារក្នុងមួយខែ ពីរបរដាំប្រទាលកន្ទុយក្រពើ
អាជីវកម្ម May 28, 2021 Khmernote

ប្រទាល​កន្ទុយក្រពើ ឬ​ហៅ​តាម​ភាសា​បច្ចេកទេស​” អា​ឡូ​វេ​រ៉ា​” គឺជា​រុក្ខជាតិ​ម្យ៉ាង​ដែលមាន​គុណប្រយោជន៍​ល្បីល្បាញ និង​ពេញនិយម​ខ្លាំងណាស់​ផ្នែក​ឱសថ​បុរាណ គឺ​គេ​យក​វា​ទៅ​សម្រួលការ​ឈឺចាប់ កន្ទួល ពង ជួយ​ស្បែក និង​សិរី​រា​ង្គ​មិនឱ្យ​ស្ងួត បំបាត់​ការឡើង​ខ្លាញ់​នៅ​សក់​ជាដើម​។ ប៉ុន្តែ​រុក្ខជាតិ​នេះ​មិនសូវមាន​អ្នក​ដាំ​ធ្វើ​អាជីវកម្ម​នោះឡើយ ខណ​:​ដែល​បច្ចុប្បន្ននេះ​មាន​ទីផ្សារ​ខ្ពស់​គួរសម​។​

យ៉ាងណា​មិញ​បើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា កសិករប្រកបរបរដាំប្រទាលកន្ទុយក្រពើមួយកន្លែងក្នុងក្រុងសៀមរាប រកប្រាក់ចំណូលបានជាង ៣ពាន់ដុល្លារក្នុងមួយខែ។ ម្ចាស់​កសិដ្ឋាន​ប្រទាល​កន្ទុយក្រពើ​អ្នកស្រី ទូច ស្រីរ័ត្ន នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប បានឱ្យដឹងថា ប្រទាល​កន្ទុយក្រពើ ជា​ប្រភេទ​រុក្ខជាតិ​ងាយស្រួល​ដាំ មិន​ថា​មនុស្ស​វ័យ​ចំណាស់ ឬ​មនុស្សពេញវ័យ​នោះទេ ពោល​កសិករ​ ឬ ​ប្រជាពលរដ្ឋ​អាច​ប្រកប​របរ​នេះ​បាន​ទាំងអស់ អោយតែ​មាន​មាន​ដី​ជីវជាតិ​ល្អ​។ ក្នុង​រយ​:​ពេល​៥​ឆ្នាំ​មកនេះ រូបគាត់​បាន​ដាំ​ដើម​ប្រទាល​កន្ទុយក្រពើ ៥​ពាន់​ដើម ដែល​មកដល់​បច្ចុប្បន្ន​នេះ អ្នកស្រី អា​ចរក​ចំណូល​ពី​ការលក់​ដើម​ប្រទាល​កន្ទុយក្រពើ​បាន​ប្រមាណ ៣​ពាន់​ដុល្លា​ក្នុង​មួយខែ ។ អ្នកស្រី​បាន​បន្ថែមទៀតថា ប្រទាល​កន្ទុយក្រពើ ជា​ប្រភេទ​ប្រទាល​ពូជ​ធំ យក​ពី​ប្រទេស​ជប៉ុន ដោយមាន​ទីផ្សារ​ខ្ពស់​គួរអោយកត់សំគាល់​ក្នុងអំឡុង​ជំងឺ​កូ​វីដ​-១៩​។ ចំពោះ​ការដាំ​កូន​របស់​វា​អាច​ប្រើពេល​តែមួយ​ឆ្នាំ ឬ​ជាង​មួយឆ្នាំ នឹង​ទទួលបាន​ផល ដោយ​ប្រើ​ជីធម្មជាតិ មិន​ប្រើ​ជីគីមី​ឡើយ​។​

​អ្នកស្រី ទូច ស្រីរ័ត្ន បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ននេះ អ្នកស្រី​បាន​លក់​ប្រទាល​កន្ទុយក្រពើ​នេះ ដោយ​កាត់​ជា​ធាង មួយ​គីឡូ​៥​ពាន់​រៀល និង​លក់​កូន ក្នុង ១​ដើម​តម្លៃ​១​ដុល្លារ ឬ​៤​ពាន់​រៀល ហើយ​ដើម​ដាំ​ក្នុង​ផើង ឬ​ធុង​ស្រាប់​២០​ដុល្លា​ឡើងទៅ តាម​ប្រភេទ​ដើម​មានកូន​ច្រើន ឬ​តិច​។ ប្រទាល់​កន្ទុយក្រពើ​នេះ ភាគច្រើន​គេ​យកទៅ​ប្រើប្រាស់​ជា​គ្រឿងសំអាង​, ភេសជ្ជ​: ឬ​ធ្វើជា​ឱសថ​ផ្សេងៗ សម្រាប់​ព្យាបាល​ជំងឺ​ជាដើម​។​

​អ្នកស្រី​បាន​បន្ថែមថា គាត់​បា​នប​ង្កើ​ជា​កសិដ្ឋាន​ដាំ​ប្រទាល​កន្ទុយក្រពើ​នេះ​មាន​រយ​:​ពេល​៥​ឆ្នាំ​មកហើយ ដែល​ដំបូង​ឡើង​អ្នកស្រី​យក​ប្រទាល​កន្ទុយក្រពើ​នេះ មកពី​ប្រទេស​ជប៉ុន ដើម្បី​ធ្វើជា​ឱសថ​ព្យាបាល​ជំងឺ​របស់​អ្នកស្រី​ទេ ប៉ុន្ដែ​ដោយសារ​មាន​ជំនាញ​ផ្នែក​កសិកម្ម​ផង​នោះ អ្នកស្រី​ក៏​សម្រេច​ចិ​ត្ដ​ដាំ​ធ្វើជា​មុខរបរ​តែម្ដង​។ អ្នកស្រី​ថា ប្រទាល​កន្ទុយក្រពើ​ងាយស្រួល​ដាំ​បំផុត​អោយតែ​ដី​មាន​ជីវជាតិ​ជា​ប្រភេទ​ដី​ល្បាយ​មិន​ដក់​ទឹក​។ មកដល់ពេលនេះ​មាន​ក្រុមហ៊ុន​នៅក្រៅ​ប្រទេស បញ្ជា​ទិញ​ជាច្រើន​តោន​ក្នុង​មួយខែៗ ប៉ុន្ដែ​មិនទាន់​មានលទ្ធភាព​ដាំ​ដុះ​អោយ​គ្រប់គ្រាន់​តាម​តម្រូវការ​នៅឡើយ​ទេ ដោយ​អ្នកស្រី កំពុង​ចងក្រង​ជា​សមាជិក អ្នក​ដាំ​ដើម​ប្រទាល​នេះ​អោយបាន​ច្រើន​នាក់ ក្នុងនោះ​អ្នកស្រី​មាន​គម្រោង​ដាំ​ជាច្រើន​ហិកតា​បន្ថែមទៀត​ផងដែរ ដើម្បី​ផ្គត់ផ្គង់​ទៅ​ក្រៅប្រទេស​៕

ប្រភព៖ ក្រសួងព័ត៌មាន