កសិករខេត្តសៀមរាបគ្រោងបង្កើតកសិដ្ឋានចិញ្ចឹមសត្វខ្យាដំរី បើសិនមានតម្រូវការទីផ្សារកាន់តែខ្ពស់
អាជីវកម្ម May 26, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កសិករខេត្តសៀម រាបគ្រោងនឹងបង្កើតកសិដ្ឋានចិញ្ចឹមសត្វខ្យាដំរី ខណៈដែល បច្ចុប្បនុ្នកំពុងមានតម្រូវការសម្រាប់អ្នកបរិភោគនិងលក់បន្ត។ លោក ដឹង សាវី អាជីវករលក់សត្វខ្យាដំរីធម្មជាតិនៅ ក្នុងភូមិតាឯក ឃុំរុន ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានចាប់យករបរលក់ខ្យាដំរីនេះអស់រយៈពេលជាង ៣ឆ្នាំមកហើយគឺលក់នៅក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជធានី ខេត្តផ្សេងៗទៀត ។

លោកបានបន្ថែមថា សត្វខ្យាដំរីដែលផ្គត់ផ្គង់នៅលើទីផ្សារបច្ចុប្បន្ន គឺប្រមូលទិញពីប្រជាកសិករ ដែលពួកគាត់ទៅរកនៅក្នុងព្រៃ ដែលជាសត្វខ្យាដំរីធម្មជាតិ ដោយយកទៅផ្គត់ផ្គង់នៅក្នុងភោជនីយដ្ឋាន ក៏ដូចជាលក់ទៅកាន់អាជីវករផ្សេងទៀត នៅក្នុងខេត្តសៀមរាបផងដែរ។ លោកបញ្ជាក់ថា ប្រសិនបើមានការកម្ម៉ង់ទិញច្រើន សម្រាប់យកទៅក្រៅប្រទេសនោះ លោកនឹងបើកកសិដ្ឋានចិញ្ចឹមផ្ទាល់តែម្ដង ដោយសារ តែសត្វខ្យាដំរីនេះ មានអាយុកាលរស់បានយូរ ។

សូមបញ្ជាក់ថា សត្វខ្យាដំរីនេះ គេអាចយកមកធ្វើជាអាហារញាំ ដោយយកទៅបំពង ឬ អាំង និងយកមកត្រាំស្រាធ្វើជាឱសថបុរាណក៏បាន សម្រាប់ទទួលទាន ដើម្បីធ្វើឱ្យយើងមានសុខភាពល្អ ត្រជាក់ក្នុងខ្លួន។ ចំពោះតម្លៃវិញសត្វខ្យាដំរីលេខ១ មាន តម្លៃក្នុង១០០ក្បាល គឺ១០ ម៉ឺនរៀល និង លេខ២ មាន តម្លៃក្នុង១០០ក្បាល៨ម៉ឺនរៀល៕

ប្រភព៖ ក្រសួងព័ត៌មាន