ប្រជាពលរដ្ឋកម្ពុជា ចាប់ផ្តើមចាប់យករបរចិញ្ចឹមសត្វត្រចៀកកាំ ខណៈរបរនេះមានទីផ្សារខ្ពស់ហើយងាយស្រួលចិញ្ចឹម
អាជីវកម្ម May 21, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃនេះ បានឱ្យដឹងថា ប្រជាពលរដ្ឋជាច្រើនងាកមកចាប់របរចិញ្ចឹមត្រចៀកកាំ ខណៈមានទីផ្សាខ្ពស់ហើយងាយស្រួលចិញ្ចឹមនិងបានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់មនុស្ស ដូចជាទឹកមាត់ត្រចៀកកាំយកទៅកែច្នៃទទួលទាន និងធ្វើជាបង្អែមបានជួយដល់សុខភាពអ្នកបរិភោគ។

លោក សុខ ចាន់តារា អាជីវករចិញ្ចឹមត្រចៀកកាំ នៅក្នុងភូមិត្រពាំងអំពៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាន ឱ្យដឹងថា សត្វត្រចៀកកាំ គឺ ជាសត្វមួយប្រភេទ ដែលទឹក មាត់របស់វា បានផ្តល់អត្ថប្រយោជន៍ច្រើន ជំនួយដល់សម្រស់ សួត លំពែង ជាពិសេសចំពោះសុខភាពស្ត្រីមានផ្ទៃពោះ ជំនួយកំលាំងមនុស្សចាស់ និងក្មេងផងដែរ ។

លោកបានបន្តថា ការចិញ្ចឹមត្រចៀកកាំនេះ គឺត្រូវចំណាយដើមទុនច្រើន និងត្រូវសំអាតបរិវេណកន្លែងវានៅឱ្យបានស្អាតដើម្បីងាយស្រួលក្នុងការប្រមូលផល ជាពិសេស ដោយសារបច្ចុប្បន្ន ទឹកមាត់ត្រចៀកកាំមានតម្លៃថ្លៃ និងមានទីផ្សារខ្ពស់ ដោយមានការកម្ម៉ង់ច្រើនពីភ្ញៀវទាំងក្នុងស្រុកនៅក្រៅស្រុក។ លោកបន្តថា ដោយសារតែតម្លៃទឹកមាត់ត្រចៀកកាំលក់បានថ្លៃ ហើយងាយស្រួលចិញ្ចឹមផងនោះ បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនបានងាកមកចាប់យកអាជីពចិញ្ចឹមសត្វត្រចៀកកាំ បានធ្វើឱ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង។

សំឡេង៖«ខ្ញុំចង់ឱ្យបងប្អូនប្រជាពលរដ្ឋយើងចូលរួមចិញ្ចឹមឬក៏ធ្វើផ្ទះត្រចៀកកាំនេះឱ្យបានច្រើនដើម្បី អភិរក្សសត្វយើងព្រោះអីវាអត់មានបាបអីទេ ហើយក៏វាយកលុយពីក្រៅប្រទេសមកដែលមុខរបរនេះ វាជួយសុខភាពយើងហើយវាទាក់ទាញលុយពីក្រៅប្រទេសមកជាពិសេសពីប្រទេសចិននឹងតែម្ដង ចឹង យើងអាចយកលុយមកជួយសេដ្ឋកិច្ចប្រទេសយើងចឹង យើងឱ្យបងប្អូនប្រជាពលរដ្ឋយើង ទាំងអស់គ្នានឹងជួយចូលរួមកសាងផ្ទះឱ្យបានច្រើនដើម្បីរកចំណូលចូប្រទេសឱ្យបានច្រើន»។

លោកបានបន្ថែមថា តាមបទពិសោធន៍នៃការចិញ្ចឹម និងសាងសង់ផ្ទះត្រចៀកកាំ ដែលមានរយះពេលជាង ១០ឆ្នាំមកហើយនេះ គឺទទួលបានជោគជ័យច្រើន សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងក្រៅស្រុក ទៅតាមតម្រូវការទិញរបស់អតិថិជន។

សូមបញ្ជាក់ថា តម្លៃសម្រាប់ទឹកមាត់ត្រចៀកកាំលេខ១ គឺ ១គីឡូក្រាមតម្លៃ ៨០០ដុល្លារ ទឹកមាត់ត្រចៀកកាំលេខ២ គឺក្នុង១គីឡូក្រាមតម្លៃ៦៥០ ដុល្លារ និងទឹកមាត់ត្រចៀកកាំលេខ៣ ក្នុង១គីឡូក្រាមតម្លៃ ៥០០ដុល្លារអាមេរិក ខណៈការចិញ្ចឹមសត្វត្រចៀកកាំនេះត្រូវចំណាយដើមទុនប្រហែល ៣ម៉ឺនដុល្លារ ក្នុង១ផ្ទះត្រចៀកកាំដែលមានទំហំ ៩ម៉ែត្រគុណនឹង ២៥ម៉ែត្រ៕

ប្រភព៖ ក្រសួងព័ត៌មាន