យោងតាមការចាក់ចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា កសិករដាំទុរេននៅខេត្តត្បូងឃ្មុំឆ្នាំនេះ ទទួលបានផលល្អ ដោយលោក សុខ ឡេង ដែលបានដាំទុរេន នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ រយៈពេលជាង ២០ឆ្នាំមកហើយបាននិយាយថា ក្នុងឆ្នាំនេះ ទុរេនចំនួន ២០០ដើម លើផ្ទៃដី ២០ហិកតា របស់លោកបានផលពី ៧០ ទៅ ១០០តោន ដោយភាគច្រើនជាទុរេនម៉ានថង។
កសិករវ័យ ៦០ឆ្នាំរូបនេះ បានដាំទុរេន ចំនួន៣ប្រភេទ គឺ ម៉ានថង, វី6 និងមូសាំងឃីង។ ស្ថិតនៅចម្ការទុរេន ក្នុងភូមិក្រសាំង ឃុំអូជ្រៅ លោក សុខឡេង បានរៀបរាប់ថា ទុរេនចំនួន ៣ប្រភេទនេះ គឺទុរេនម៉ានថង មានផលច្រើនជាងគេ។ « ពូជម៉ានថង ខ្ញុំដាំយូរហើយ ។ ពូជសាំងឃីង ខ្ញុំទើបដាំបាន ៣ឆ្នាំ មិនទាន់បានផលទេ។ ប៉ុន្តែជាទូទៅ ម៉ានថងល្អជាងគេ ពូជវី៦ និងមូសាំងឃីង ផ្លែតូចៗទេ។ ការលក់ហ្នឹងខ្ញុំបោះឱ្យគេលក់ខ្លះ ឱ្យកូនលក់ខ្លះ»។
ក្នុងឆ្នាំនេះទៀតទុរេនរបស់លោក សុខឡេង កើនផលច្រើនជាងឆ្នាំមុន រហូតដល់ជិតពាក់កណ្ដាល ព្រោះមានទុរេនជាង ១០០ដើមទៀត អាចប្រមូលផលបាន។
ទោះបីជាឆ្នាំនេះទិន្នផលទុរេន កើនស្របពេលមានការរាលដាលនៃជំងឺកូវីដ-១៩ក្ដី ប៉ុន្តែម្ចាស់ចម្ការរូបនេះ អះអាងថា ទុរេនរបស់លោក នៅតែមានទីផ្សារល្អ។ ឆ្នាំនេះ លោក លក់ទុរេនបានតម្លៃដូចឆ្នាំមុនដែរ គឺតម្លៃបោះដុំ ១៥ ០០០ រៀលក្នុងមួយគីឡូ៕

ប្រភព៖ ក្រសួងព័ត៌មាន


