ដោយសារតែរឿងមួយនេះ ធ្វើឱ្យក្រុមហ៊ុន Toyota ផ្អាករោងចក្រផលិតចំនួន ២ នៅជប៉ុន ប៉ះពាល់ដល់ការផលិតរថយន្តប្រមាណ ២ម៉ឺនគ្រឿង
អាជីវកម្ម May 19, 2021 Khmernote

ក្រុមហ៊ុន Toyota កំពុងផ្អាកផលិតកម្មនៅរោងចក្រចំនួនពីររបស់ខ្លួននៅក្នុងប្រទេសជប៉ុន ព្រោះក្រុមហ៊ុនមួយនេះកំពុងអស់នូវសមាសធាតុចាំបាច់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK។ ក្រុមហ៊ុនផលិតរថយន្តយក្សមួយនេះ បានប្រកាសផែនការបញ្ឈប់ប្រតិបត្តិការនៅរោងចក្រ Iwate របស់ខ្លួនរហូតខែក្រោយ ខណៈ រោងចក្រ នៅ Ohira នៅ ខេត្ត Miyagi Prefecture បិទរយៈពេល ៣ ថ្ងៃ ដោយការកង្វះសកលនៃឧបករណ៍អេឡិចត្រូនិក ដែលកំពុងជះឥទ្ធិពលដល់ការផលិតម៉ូដែលដ៏ពេញនិយមចំនួនពីរ។

ប្រភពដដែលបានឱ្យដឹងថា រោងចក្រទាំង២ ផលិតរថយន្តប្រភេទស្ព័រ C-HR និងរថយន្ត Yaris ប្រភេទតូចៗ ហើយការបិទទ្វារនេះនឹងធ្វើឱ្យប៉ះពាល់ដល់ការផលិតយានយន្តប្រមាណ ២ម៉ឺនគ្រឿង។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនផលិតរថយន្តជប៉ុន បានរងផលប៉ះពាល់យ៉ាងខ្លាំងពីកង្វះខាតឈីបសកល ប៉ុន្តែរហូតមកដល់ពេលនេះក្រុមហ៊ុន Toyota អាចរក្សារោងចក្ររបស់ខ្លួនឱ្យនៅបើកបន្តបាន។

គួរបញ្ជាក់ផងដែរថា ដោយសារ កង្វះខាតឈីបសកល ក្រុមហ៊ុនផលិតរថយន្ត Subaru ត្រូវបញ្ឈប់ផលិតកម្មនៅរោងចក្រមួយក្នុងខេត្ដ Gunma និងមួយផ្សេងទៀតនៅអាមេរិក។ ដោយឡែក ក្រុមហ៊ុន Nissan រំពឹងថានឹងកាត់បន្ថយគោលដៅផលិតប្រមាណ ២៥០ពាន់គ្រឿង សម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន។ ហើយក្នុងរយៈពេលដូចគ្នានេះដែរ ក្រុមហ៊ុន Mitsubishi Motors ទំនងជាថយចុះ ៤០,០០០ គ្រឿង៕

អត្ថបទ៖ លីនី
ប្រភព៖ nhk