ដំណឹងល្អ! នៅថ្ងៃទី២១ ខែឧសភាខាងមុខនេះ ផ្សាររដ្ឋ និងផ្សារមិនរៀបរយ មួយចំនួនត្រូវបានបើកឱ្យដំណើរការ សម្រាប់ទំនិញចាំបាច់ ហូបចុករាល់ថ្ងៃ
អាជីវកម្ម May 19, 2021 Khmernote

យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្ដម កើត ឆែ អភិបាលរង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ទៅ ភូមិសាស្ត្ររាជធានីភ្នំពេញ នឹងកំណត់ឱ្យសឹងតែគ្មានជាតំបន់ក្រហមទៀតទេ បើមានក៏មានតួចតិចបំផុត ដោយសារចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ បានថយចុះជាបន្តបន្ទាប់ ។

ឯកឧត្ដម កើត ឆែ បានឱ្យដឹងទៀតថា សម្រាប់ផ្សាររដ្ឋ និង ផ្សារមិនរៀបរយ មួយចំនួន រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកកិច្ចប្រជុំនៅថ្ងៃទី២១ ខែឧសភា ខាងមុខដើម្បីសម្រេចឱ្យបើកដំណើរការឡើងវិញជាបន្តបន្ទាប់ផងដែរ ប៉ុន្តែសម្រាប់តែការលក់ដូរទំនិញដែលចាំបាច់​ និងមានតម្រូវការតែប៉ុណ្ណោះ ហើយនឹងតម្រូវឱ្យមានការគោរពតាមវិធានសុខាភិបាល ។

ឯកឧត្ដមបន្តថា កន្លងមកដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញវិធានការកំណត់តំបន់៣ រួមមាន៖ តំបន់ក្រហម សម្រាប់ទីតាំងមានការឆ្លងខ្លាំង, តំបន់លឿងទុំ សម្រាប់ទីតាំងមានការឆ្លងមធ្យម និង តំបន់លឿង សម្រាប់ទីតាំងមានការឆ្លងតិចតួច ។ វិធានការនេះបានជួយឱ្យការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ មានប្រសិទ្ធភាព ដែលធ្វើឱ្យអត្រាអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងរាជធានី ភ្នំពេញ បានថយចុះជាបន្តបន្ទាប់ ៕

ប្រភព៖ ក្រសួងព័ត៌មាន