ហេតុអ្វីបានជា Brand ល្បីៗលំដាប់អន្តរជាតិ ជ្រើសរើសយកតារានៅអាស៊ី ធ្វើឯកអគ្គរដ្ឋទូតពិភពលោករបស់ពួកគេ? តើមកពីកត្តាអ្វី?
អាជីវកម្ម May 17, 2021 Khmernote

ដូចដែលយើងធ្លាប់បានដឹង និងឃើញរួច​មកហើយថា ម៉ាកប្រណីតមាននិន្នាការជ្រើសរើសតារាសម្តែង និងអ្នកចំរៀង ដែលនៅ សហរដ្ឋអាមេរិក នៅហូលីវូត និងអឺរ៉ុប ឬ ក្នុងប្រទេសកំណើតរបស់ខ្លួន ដើម្បីធ្វើជាឯកអគ្គរដ្ឋទូតពិភពលោករបស់ពួកគេ។ ពួកគេត្រូវបានទទួលតម្លៃខ្ពស់ជាងអ្នកនៅក្នុងតំបន់ ហើយមុខរបស់ពួកគេត្រូវបានបង្ហាញនៅលើផ្ទាំងប៉ាណូ និងនៅលើទស្សនាវដ្តីជុំវិញពិភពលោក មិនត្រឹមតែនៅក្នុងប្រទេសកំណើតរបស់ពួកគេប៉ុណ្ណោះទេ។

ប៉ុន្តែទោះជាយ៉ាងនេះក្ដី រហូតមកដល់ពេលថ្មីៗនេះតួនាទីដែលរកចំណូលបានខ្ពស់របស់ឯកអគ្គរដ្ឋទូតល្បីល្បាញ ត្រូវបានបម្រុងទុកសម្រាប់មនុស្សប្រភេទជាក់លាក់។ ជាក់ស្ដែងវប្បធម៌រើសយកតារាក្នុងស្រុក ឬ ហូលីវូត ត្រូវបានផ្លាស់ប្ដូរនៅប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ដោយតារាចម្រៀងបុរសកូរ៉េខាងត្បូង BTS បានក្លាយជាឯកអគ្គរដ្ឋទូតរបស់ម៉ាកដ៏ល្បី Louis Vuitton កាលពីខែមុន។

ជាមួយគ្នានេះដែរ​ មិនមែនតែក្រុម BTS នោះទេដែលបានក្លាយជាឯកអគ្គរដ្ឋទូតរបស់ម៉ាកប្រណិត សូម្បីតែ Rosé សមាជិកក្រុម Blackpink បានសម្តែងនៅក្នុងយុទ្ធនាការជាសកលមួយសម្រាប់ម៉ាក Saint Laurent ហើយនៅឆ្នាំនេះត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតពិភពលោកសម្រាប់ម៉ាក Tiffany & Co។ ជាងនេះទៅទៀតនោះសមាជិកក្រុម ២រូបទៀតគឺ Jisoo បានក្លាយជាតារាជួរមុខ Dior Cruise Collection សម្រាប់ឆ្នាំ ២០២១ ហើយ Lisa ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសកលនៃម៉ាក Celine។

ក្រៅពីក្រុមតារាចម្រៀង K-pop ល្បីៗនៅកូរ៉េ ក៏មានតារាចម្រៀង និងសម្ដែងជនជាតិចិន Jackson Yee បានក្លាយជាឯកអគ្គរដ្ឋទូតពិភពលោកថ្មីនៃម៉ាកគ្រឿងសម្អាង តុបតែងខ្លួន និងថែរក្សាសម្រស់ Armani Beauty ខណៈតារាម៉ូឌែលជនជាតិជប៉ុន Koki ត្រូវបានតែងតាំងជាអគ្គរដ្ឋទូតពិភពលោកនៃម៉ាក Estée Lauder។ យ៉ាងណាមិញ ហេតុអ្វីបានជា Brand ល្បីៗនៅលើពិភពលោកងាកមកជ្រើសរើសយកតារានៅអាស៊ីក្នុងនាមជាឯកអគ្គរដ្ឋទូតពិភពលោករបស់ពួកគេ? ដោយសារការផ្លាស់ប្តូរយ៉ាងឆាប់រហ័សបែបនេះក្នុងរយៈពេលដ៏ខ្លី តើយុទ្ធនាការថ្មីដែលជ្រើសរើសយកតារានៅអាស៊ី អាចទាក់ទងនឹងការរីករាលដាលនៃជំងឺរាតត្បាតដែរឬទេ?

អ្នកជំនាញខាងម៉ាកប្រណីតនៅទីក្រុងឡូងដ៍ Rocky Chi និយាយថា ពិតណាស់មែន អតិថិជនធំបំផុតរបស់ Brand ធំៗនៅអឺរ៉ុបគឺ អតិថិជនអាស៊ី។ លោកបន្តថា Brand ល្បីៗនៅអឺរ៉ុបលក់ដាច់ខ្លាំង នៅពេលដែលអ្នកទេសចរចិនបានទៅកម្សាន្តនៅអឺរ៉ុប ហើយពួកគេ​ភាគច្រើនបានទៅទិញផលិតផលនៅហាងល្បីៗទាំងនោះ។

លើសពីនេះ លោក Charlie Gu អ្នកជំនាញផ្នែកទីផ្សាររវាងទីក្រុង Shanghai ក្នុងប្រទេសចិន និង San Francisco នៅសហរដ្ឋអាមេរិក ក៏យល់ស្របដែរ។ លោកបានមានប្រសាសន៍ថា “ អាស៊ីជាពិសេសតំបន់មហាចិន បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការឈានមុខគេរបស់យីហោប្រណិតក្នុងអំឡុងពេល Covid-19” ។ ដូច្នេះវាមិនមែនជារឿងចម្លែកទេដែលក្រុមហ៊ុនម៉ាកល្បីៗ កំពុងលើកស្ទួយតារាល្បីៗ នៅអាស៊ី ឲ្យក្លាយជាឯកអគ្គរដ្ឋទូតពិភពលោក ដើម្បីជំរុញភាពរំភើបនៅក្នុងតំបន់ ដោយមានក្តីសង្ឃឹមក្នុងការបង្កើនការលក់។

លោកបានបន្តថា តារាល្បីៗ នៅអាស៊ីទាំងនេះមិនទាន់ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយនៅបស្ចិមប្រទេសនៅឡើយទេ ប៉ុន្តែសម្រាប់យីហោខ្លះ នេះគ្រាន់តែជាការបញ្ច្រាសនៃបញ្ហាដែលពួកគេធ្លាប់មាន – ថាតារាហូលីវូដជាច្រើនមិនមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រទេសចិនទេ ប៉ុន្តែនៅតែត្រូវបានគេបិទនៅលើផ្ទាំងប៉ាណូនៅទូទាំងប្រទេស។ ជាមួយនឹងការកើនឡើងនូវប្រជាប្រិយភាពនៃទម្លាប់ថែរក្សាសម្ផស្សរបស់កូរ៉េ និងឥទ្ធិពលរបស់អតិថិជនចិននៅក្នុងពិភពប្រណិត វាសមហេតុផលសម្រាប់យីហោផ្តោតលើអ្វីដែលអតិថិជនអាស៊ីចង់បាន ហើយគ្រាន់តែសង្ឃឹមថាលោកខាងលិចអាចទទួលយកបាន៕

អត្ថបទ៖ លីនី
ប្រភព៖ scmp