ដោយសាតែកូវីដ-១៩ ជំរុញឱ្យអ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ងាកមកចិញ្ចឹមទាយកពងលក់វិញ គ្រាន់បានប្រាក់ផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារ
អាជីវកម្ម May 13, 2021 Khmernote

ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ធ្វើឱ្យអ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ងាកទៅផ្លាស់ប្តូរមុខរបរថ្មី ដើម្បីមានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារ។ ជាក់ស្តែង អ្នកប្រកបរបរក្នុងវិស័យទេសចរណ៍មួយរូបនៅខេត្តសៀមរាប បានងាកមកចាប់យកមុខរបរចិញ្ចឹមសត្វទា យកពងលក់ ដើម្បីទទួលបានប្រាក់ចំណូលផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារ។

លោក ឃុត ធីណារិទ្ធ រស់នៅឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ដើមឡើយលោកជាអ្នកប្រកបរបរដឹកភ្ញៀវទេសចរ ប៉ុន្តែដោយសារវិបត្តិនៃជំងឺកូវីដ-១៩ធ្វើឱ្យមុខរបរនេះមិនអាចបន្តដំណើរទៅមុខទៀតបាន ទើបរយៈពេលជាងមួយ ឆ្នាំមកនេះ លោកក៏ងាកមកចាប់ផ្តើមអាជីវកម្មចិញ្ចឹមទា យកស៊ុតលក់វិញ។

លោកបន្តថា មុខរបរនេះ ថ្វីត្បិតតែមានភាពហត់នឿយ និងមិនអាចទទួលបានប្រាក់ ចំណូលស្មើនិងរបរដឹកភ្ញៀវ តែក៏អាចរកប្រាក់ចំណូលប្រចាំថ្ងៃបានគួរសម ដោយជាមធ្យមទទួលប្រាក់ចំណេញបានប្រមាណ១០ម៉ឺនរៀល ដើម្បីផ្គត់ផ្គងការចំណាយក្នុងគ្រួសារ។លោកបន្តទៀតថា ដោយសព្វថ្ងៃ លោកមានចិញ្ចឹមសត្វទាចំនួន២២០០ ក្បាល អាចផ្តល់ស៊ុតបាន ១៨០០គ្រាប់ក្នុងមួយថ្ងៃ និងអាចលក់ចេញបោះឱ្យម៉ូយបានក្នុងតម្លៃ៣៦០រៀលក្នុងមួយគ្រាប់ ។

បទពិសោធន៍របស់ខ្ញុំទើបតែមួយឆ្នាំហ្នឹងទេ ព្រោះខ្ញុំអ្នករកស៊ីខាងវិស័យទេសចរណ៍ ដោយសារកូវីដ-១៩ធ្លាក់មក មានភ្ញៀវពីណាទៀត មានតែទៅស្រុកចិញ្ចឹមទាទៅ ទើបមួយឆ្នាំហ្នឹង ទាខ្ញុំ២២០០ក្បាល ក្នុងមួយថ្ងៃបានពង ១៨០០គ្រាប់ លក់ចេញមធ្យមម៉ូយមកយកដល់ទ្រុង មួយគ្រាប់៣៦០រៀល ខ្ញុំលក់តាមអនឡាញ មួយគ្រាប់ ៤០០រៀលខ្ញុំដឹកជញ្ជូនក្នុងខេត្ត មានអីចំណេញតើពីវគ្គដំបូងអត់ទាន់ដុនដាបជំងឺកូវីដបិទខ្ទប់ក្រុង ក្នុងមួយថ្ងៃបាន១៨០០គ្រាប់ខ្ញុំលក់ទៅចំណេញបាន៩ទៅ១០ម៉ឺនក្នុងមួយថ្ងៃ។

គួរជម្រាបផងដែរថា ស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានជំរុញលើក ទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យងាកមកប្រកបរបរកសិកម្ម ដាំដំណាំរួមផ្សំ និងការចិញ្ចឹមសត្វ ព្រមទំាងផ្តល់បច្ចេកទេសចិញ្ចឹមនិងដាំ ដើម្បីទទួលបានទិន្នផលច្រើនរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ៕

ប្រភព៖ ក្រសួងព័ត៌មាន