ក្រុមហ៊ុនផលិតរថយន្តធំៗ ចំនួន២របស់ជប៉ុន ប្រកាសពីការខាតបង់យ៉ាងច្រើន ដោយសារតែវីរុសកូវីដ១៩
អាជីវកម្ម May 13, 2021 Khmernote

ក្រុមហ៊ុនផលិតរថយន្តធំៗ របស់ជប៉ុន Nissan Motor និង Mitsubishi Motors បានរាយការណ៍ពីការខាតបង់ប្រចាំឆ្នាំយ៉ាងខ្លាំងដោយសារការធ្លាក់ចុះនៃការលក់ចំពេលមានការរីករាលដាលនៃមេរោគឆ្លង Covid-19 នេះបើយោងតាមការចុះផ្សាយ​របស់ NHK។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន Nissan Motor បានប្រកាសពីការខាតបង់សុទ្ធចំនួន ៤៤៨.៦ ពាន់លានយ៉េន ឬ ប្រហែល ៤.១ ពាន់លានដុល្លារ សម្រាប់ឆ្នាំអាជីវកម្មដែលបានបញ្ចប់នៅក្នុងខែមីនា។

ក្នុងនោះការលក់បានធ្លាក់ចុះនៅទូទាំងពិភពលោក ដោយសារឥទ្ធិពលនៃជំងឺរាតត្បាត ដែលបានធ្វើឱ្យដំណើរការរបស់ក្រុមហ៊ុនផលិតរថយន្តធ្លាក់ចុះ។ ជាមួយនឹងការខាតបង់នេះ ក្រុមហ៊ុន Nissan បាននិយាយថា ខ្លួននៅតែគិតថានឹងនៅតែមានសញ្ញាណមិនល្អសម្រាប់ឆ្នាំទី ៣ ជាប់ៗគ្នា ខណៈក្រុមហ៊ុនព្យាករណ៍ពីការខាតបង់សុទ្ធ ៦០ ពាន់លានយ៉េន ឬ ប្រហែល ៥៥០ លានដុល្លារសម្រាប់រយៈពេល ១២ ខែរហូតដល់ខែមីនាឆ្នាំ២០២២ ។

ប្រធានក្រុមហ៊ុន Nissan Motor លោក Uchida Makoto បាននិយាយថា៖ « យើងកំពុងប្រឈមមុខនឹងហានិភ័យអាជីវកម្មដូចជាកង្វះផ្គត់ផ្គង់អេឡិចត្រូនិក និងការកើនឡើងថ្លៃដើមនៃវត្ថុធាតុដើម » ។

គួរបញ្ជាក់ផងដែរថា ចំពោះការខាតបង់មិនមែនមានតែក្រុមហ៊ុន Nissan តែមួយនោះទេ ដៃគូសម្ព័ន្ធភាពរបស់ក្រុមហ៊ុន Nissan គឺក្រុមហ៊ុន Mitsubishi Motors ក៏បានប្រកាសពីការខាតបង់សុទ្ធដែរ គឺក្នុងចំនួន ៣១២.៣ ពាន់លានយ៉េន ឬប្រហែល ២.៩ ពាន់លានដុល្លារ ដោយសារតែការលក់ធ្លាក់ចុះនៅក្នុងទីផ្សារដ៏សំខាន់របស់ខ្លួននៅអាស៊ីអាគ្នេយ៍៕

អត្ថបទ៖ លីនី