កសិករចិញ្ចឹមកង្កែបនៅខេត្តសៀមរាប នៅតែអាចដំណើរការមុខរបររបស់ខ្លួនបានល្អ ទោះបីស្ថិតវិបត្តិកូវីដ-១៩ក៏ដោយ
អាជីវកម្ម May 8, 2021 Khmernote

ក្រុមកសិករចិញ្ចឹមកង្កែបលក់នៅក្នុងស្រុកប្រាសាទបាគងនៃខេត្តសៀមរាប អាចរកប្រាក់ចំណូលបានជិត ១ម៉ឺនដុល្លារក្នុងមួយឆ្នាំ ពីមុខរបរនេះ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ បើទោះបីស្ថិតក្នុងស្ថានការណ៍នៃវិបត្តិជំងឺកូវីដ១៩ ក៏ដោយ នេះបើយោងតាមអ្នកយកព័ត៌មាននៃក្រសួងព័ត៌មានប្រចាំខេត្តសៀមរាបបានធ្វើសេចក្តីរាយការណ៍។

លោក ថង ធន រស់នៅភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា លោកចាប់ផ្តើមមុខរបរចិញ្ចឹមកង្កែបលក់រយៈពេលប្រមាណ ៣ឆ្នាំមកហើយ ដោយសារមុខរបរនេះមិនសូវជាមានភាពហត់នឿយ និងអាចរកប្រាក់ចំណូលបានគួរសម ដោយជាមធ្យមក្នុងមួយឆ្នាំលោកអាចទទួលបានប្រាក់ចំណេញប្រមាណ ១ម៉ឺនដុល្លារ ដើម្បីផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារបាន។

លោកបន្តថា ទោះបីឆ្នាំ២០២១នេះ កម្ពុជាកំពុងស្ថិតក្នុងវិបត្តិនៃការឆ្លងជំងឺកូវីដ១៩បន្តទៀតក៏ដោយ ប៉ុន្តែមុខរបរចិញ្ចឹមកង្កែបលក់ មិនមានភាពរាំងស្ទះក្នុងការលក់ចេញឡើយ ព្រោះក្នុងមួយខែលោកអាចលក់ចេញកូនកង្កែបបានចន្លោះពី ២ម៉ឺនទៅ៥ម៉ឺនកូនកង្កែប ដោយការលក់ចេញមានតម្លៃសមរម្យចាប់ពី២០០រៀលរហូតដល់៥០០ រៀលក្នុងមួយក្បាល។

សំឡេង ៖ ឆ្នាំនេះខ្ញុំចិញ្ចឹមច្រើនជាងឆ្នាំមុន ឆ្នាំមុនមួយឆ្នាំពេញសល់ជិត ១ម៉ឺនដុល្លារ ហើយមេពូជកង្កែបចំនួន ៥០០ក្បាល ឈ្មោល ៥០០ក្បាល រាល់ថ្ងៃលក់កូនកង្កែបឱ្យគេអត់គ្រប់ទេ ជួនកាលត្រូវទៅទិញប្រជាពលរដ្ឋដែលចិញ្ចឹមជាលក្ខណៈគ្រួសារ មេពូជហាហុកសិបក្បាល ដោយមិនមានការយកចំណេញពីគាត់ច្រើនទេ គ្រាន់តែយើងលក់ឱ្យគេបាន ២០០រៀល យើងទិញពីគាត់ មក១៨០រៀល ដើម្បីយកចំណេញតិចតួចទៅលើការចំណាយ យើងដឹកទៅឱ្យគេជាដើម។

លោកឱ្យដឹងទៀតថា អតិថិជនដែលកម្មង់ទិញកូនកង្កែបពីកសិដ្ឋានលោក មិនត្រឹមតែជាអ្នករស់នៅក្នុងខេត្តសៀមរាប នោះទេ ក៏មានមកពីបណ្តាខេត្តផ្សេងៗជាច្រើនទៀត ក្នុងនោះបើសិនកសិករដែលមានបំណងចង់កម្មង់ទិញកូនកង្កែបពីកសិដ្ឋានលោកមកចិញ្ចឹម អាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ០១៧ ៨៨ ១៦ ៧៤។

សូមជម្រាបផងដែរថា កសិករនៅខេត្តសៀមរាបបាននាំគ្នាចិញ្ចឹមកង្កែបជាច្រើនគ្រួសារ ដើម្បីផ្គត់ផ្គង់ការហូបចុកក្នុងក្រុមគ្រួសារ និងលក់ទៅកាន់ទីផ្សារ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានចាត់ទុក វារីវប្បកម្ម ថាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកបង្កើនសន្តិសុខស្បៀង និង បង្កើនឱកាសការងារ និងប្រាក់ចំណូល ក្នុងចំណោមសមាជិកសហគមន៍នេសាទ ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល។ ក្នុងនោះក៏មានការជំរុញលើកទឹកចិត្តដល់កសិករឱ្យងាកមកចាប់ផ្តើមប្រកបរបរកសិកម្ម និងវារីវប្បកម្ម ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងការផ្តល់ជូននូវសម្ភារនិងបច្ចេកទេសក្នុងការចិញ្ចឹមជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន