មកស្គាល់ដំណាំមួយប្រភេទ ដាំនៅស្រុកឈូកខេត្តកំពត កំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជន
អាជីវកម្ម May 6, 2021 Khmernote

ដំណាំត្រសក់ស្រូវផ្អែម ពូជជប៉ុនដែលដាំក្នុងកសិដ្ឋានមួយនៅស្រុកឈូក ខេត្តកំពត កំពុងទទួលបាន ការគាំទ្រខ្លាំង​​ពីអតិថិជន​​ព្រោះ​​វាមានរសជាតិផ្អែមឆ្ងាញ់ និងផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពអ្នកបរិភោគ។ លោក គឹម ម៉ារិទ្ធ នាយកគ្រប់គ្រងកសិដ្ឋាន អាគ្រីអន បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានចាប់ផ្ដើមបើកកសិដ្ឋានដំណាំសុវត្ថិ​​ភាពត្រសក់​​ផ្អែមនេះ អស់រយៈពេល១ឆ្នាំមកហើយ លើផ្ទៃដីជាង ១ហិកតា ដោយមួយថ្ងៃអាចលក់បាន ៥០ផ្លែ ហើយក្នុង១គី​​ឡូក្រាមតម្លៃប្រមាណ ១៥ដុល្លារ។

លោកបញ្ជាក់ថា ដំណាំប្រភេទនេះ អាចប្រមូលផលបានរាល់ថ្ងៃក្នុងរង្វង់ ៣ខែ ហើយ១ឆ្នាំអាចដាំបាន ៤ដង ក្នុងលក្ខខណ្ឌ ដាំជាលក្ខណៈ​​បច្ចេកទេសត្រឹមត្រូវ។ ត្រសក់ផ្អែមដែលដាំបានរាល់ថ្ងៃនេះ គឺ លក់ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកទិញយកទៅបរិភោគ ។

លោកគឹម ម៉ារិទ្ធ បញ្ជាក់ថា ត្រសក់ផ្អែមប្រភេទនេះ មានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់ជួយដល់សុខភាពអ្នកបរិភោគ ដោយបាន​​ជួយបន្ថែមជាតិទឹកដល់សុខភាពទាំងមនុស្សចាស់ និងកូនក្មេង ។ កសិដ្ឋានរបស់លោក ក៏បានបណ្តុះបណ្តាលបច្ចេក ទេសដាំ​​ដល់​កសិករនៅក្បែរនោះផងដែរ ពីរបៀបដាំត្រសក់ស្រូវ និងដំណាំផ្សេងៗទៀត ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែល​ស្រឡាញ់មុខរបរនេះផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន