រដ្ឋបាលខេត្តបាត់ដំបង បើកឲ្យដំណើរការក្រុមហ៊ុនវីរៈប៊ុនថាំឡើងវិញទាំងអស់ហើយ ក្រោយផ្អាកជាបណ្តោះ​អាសន្ន
អាជីវកម្ម May 6, 2021 Khmernote

រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចបើកឡើងវិញមូលដ្ឋានអាជីវកម្មរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ អិចហ្វ្រេសទេសចរណ៍ ដែលបាន​​បិទបណ្តោះ​អាសន្នកាលពីថ្ងៃទី០២ខែឧសភា បន្ទាប់ពីររកឃើញតៃកុងឡានម្នាក់មានវិជ្ជមានកូវីដ១៩នោះ។ សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបងនាថ្ងៃទី០៥ខែឧសភា ឲ្យបើកដំណើរការសាខាក្រុមហ៊ុនខាងលើ បីទីតាំង នៅស្រុកកំរៀង ភ្នំព្រឹក និងសំពៅលូនឡើងវិញ បន្ទាប់ពីទីតាំងបួនកន្លែងនៅក្រុងបាត់ដំបង បានបើកដំណើរការឡើងវិញកាលពីថ្ងៃទី០៣ ខែឧសភា ។

ការប្រកាសឲ្យដំណើរការ ឡើងវិញនេះ បុគ្គលិកដែលបម្រើការខាងលើដែលបានផ្តល់វត្ថុសំណាក ពិនិត្យឃើញអវិជ្ជមានកូវីដ១៩នោះ ត្រូវបន្តធ្វើចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួន ឬ ទីតាំងក្រុមហ៊ុន នឹងអនុវត្តតាមវិធាននានាដែលបានណែនាំក្នុង​​អំឡុងពេលធ្វើ​​ចត្តាឡីស័ក។

ក្នុងករណីសុខភាពមានការ ប្រែប្រួលត្រូវរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច និង គ្រូពេទ្យដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគ​កូវីដ-១៩ម្តងទៀត ។

លោក សឿម ប៊ុនរិទ្ធអភិបាលរងខេត្តបាត់ដំបងនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបានឲ្យដឹងថា ការបើកឲ្យដំណើរការឡើងវិញនេះ​​ក្រោយពិនិត្យ​​សំណាកលើកទីពីរក្រោយ៤៨ម៉ោង លើតៃកុងឡានក្រុមហ៊ុនខាងលើនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ឃើញលទ្ធផល​​អវិជ្ជមានកូវីដ១៩ ដដែល ។លោកបញ្ជាក់ថាឧបករណ៍ពិនិត្យនៅមន្អីរពេទ្យបង្អែកខេត្តបាត់ដំបងនេះ មានគុណភាពដូចគ្នាទៅនឹង ឧបករណ៍ពិនិត្យសំណាករកមេរោគកូវីដ១៩ នៅវិទ្យាស្ថានប៉ាស្ទ័រនិងវិទ្យាស្ថានសុខភាពសាធារណៈដែរ ដែលរាជរដ្ឋាភិបាលឲ្យក្រសួង​​សុខាភិបាលបំពាក់​​ឲ្យនៅទីនេះ ។

សូមបញ្ជាក់ថាតៃកុងឡានវីរៈប៊ុនថាំខាងលើនេះ ត្រូវបានមន្រ្តីសុខាភិបាលខេត្តប៉ៃលិនពិនិត្យសំណាក ជាមួយឧបករណ៍រហ័ស ឃើញវិជ្ជមាន​​កូវីដ-១៩ ដែលធ្វើឲ្យអាជ្ញាធរខេត្តបាត់ដំបងបិទផ្អាកបណ្តោះអាសន្ននៅសាខាក្រុមហ៊ុនវីរៈប៊ុនថាំ ៣ទីតាំងខាងលើ ហើយបុគ្គលិកក្រុមហ៊ុននេះចំនួន៨៨នាក់រួមទាំងតៃកុងឡានផង ត្រូវបានយកសំណាកទៅពិនិត្យទាំងយប់ លទ្ធផលគឺអវិជ្ជមាន​​កូវីដ១៩ទាំងអស់គ្នា ៕

ប្រភព៖ ក្រសួងព័ត៌មាន