ក្រោយបញ្ចប់ការបិទខ្ទប់ តំបន់លឿងនៅរក្សាការអនុវត្តវិធានការដដែល ដោយមិនឱ្យបើកហាងហូបចុក ដែលមានតុអង្គុយ និងការជួបជុំផ្សេងៗឡើយ
អាជីវកម្ម May 4, 2021 Khmernote

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធវីឌេអូ នៅព្រឹកថ្ងៃទី០៣ ឧសភានេះនៅសាលារាជធានីភ្នំពេញ បានថ្លែងថា ថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២១ គឺជាថ្ងៃដែល រាជរដ្ឋាភិបាល បញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ ដូចជាបញ្ចប់ការបិទខ្ទប់ច្រកចេញចូលតាមបណ្តាខេត្តនានានៅ ទូទាំងព្រះរាជាណាចក្រ កម្ពុជាឡើងវិញផងដែរ។ ក្រោយបញ្ចប់ការបិទខ្ទប់នៅថ្ងៃទី០៥ ឧសភា រដ្ឋបាលរាជធានីភ្នំពេញ ក៏នៅតែរក្សាតំបន់៣ដដែល នោះគឺ​តំបន់លឿង តំបន់លឿងទុំនិងតំបន់ក្រហម ដើម្បីបង្ការ ទប់ស្កាត់នូវជំងឺកូវីដ-១៩ គ្រាន់តែបង្រួមតំបន់តំបន់លឿងទុំ និងតំបន់ក្រហមមក នៅតូចជាងមុនប៉ុណ្ណោះ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលនឹងបើកឱ្យធ្វើចរាចរណ៍ឡើងវិញនៅទូទាំងប្រទេស ពីតំបន់មួយ ទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ ។ ដោយឡែក សម្រាប់រាជធានីភ្នំពេញ នៅរក្សាតំបន់៣ដដែល តំបន់លឿង តំបន់រឿងទុំ និងតំបន់ក្រហម ដោយឯកឧត្តមជំរុញឲ្យអាជ្ញាធរខណ្ឌ កងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងឲ្យបានហ្មត់ចត់ទៅលើទីតាំងដែលបានកំណត់ ចៀសវាងការបន្តរីករាលដាលជម្ងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត។

ឯកឧត្តម ឃួង ស្រេង បានបន្តថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពនាព្រឹកនេះ មានគោលបំណង ដើម្បីរៀបចំនូវយន្តការថ្មីមួយទៀត ក្រោយពីរាជរដ្ឋាភិបាលបានបើកការធ្វើចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ដូចជានៅតាមបណ្ដាខេត្តនានាឡើងវិញ ដោយយើងនឹងចេញ សេចក្តីសម្រេចនានាជាបន្តបន្ទាប់ទៀត ជុំវិញការបិទខ្ទប់តំបន់ក្នុងរាជធានីភ្នំពេញនេះ។

ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា ចំពោះតំបន់លឿង យើងនៅរក្សា ការអនុវត្តវិធានការដដែលដោយមិនឲ្យបើកហាងហូបចុក ដែលមានតុអង្គុយ និងការជួបជុំផ្សេងទៀត ។ ដោយឡែកសម្រាប់តំបន់លឿងទុំត្រូវរក្សានូវបម្រាមដដែល ហើយសម្រាប់តំបន់ក្រហម គឺជាតំបន់ដែលត្រូវបិទខ្ទប់ឲ្យបានម៉ឺងម៉ាត់បំផុត ។ អ្វីដែលត្រូវអនុវត្ត គឺយើងត្រូវបង្រួមការបិទខ្ទប់ តំបន់ប្រឈមឲ្យមកនៅទ្រង់ទ្រាយតូច ជាងមុន។

ចំណែកលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំនោះថា វិធានការណ៍បិទខ្ទប់របស់រាជរដ្ឋាភិបាល ដែលនឹងបញ្ចប់នៅថ្ងៃទី០៥ ខែឧសភាខាងមុខនេះ មានន័យថា នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ ។ ក្រោយថ្ងៃ០៥ យើងមិនមែនបើករាជធានី ភ្នំពេញទាំងស្រុងនោះទេ ដោយយើងខ្លាចមានការរាលដាលជំងឺកូវីដ-១៩នេះទៅតំបន់ផ្សេងទៀត ។ ដោយសារថា មកដល់ពេលនេះ ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ នៅមានចំនួនរាប់រយនាក់នៅឡើយទេ ។ ដូច្នេះ ក្រោយថ្ងៃ០៥ ខែឧសភា ការបិទខ្ទប់តំបន់មួយចំនួនគឺនៅ រក្សាដដែល ជាមួយនឹងការហាមប្រាម ការធ្វើចរាចរណ៍នៅតំបន់មួយចំនួន ហាមប្រាមការបើកហាងផឹកស៊ី ។ អាជ្ញាធរខណ្ឌនីមួយៗត្រូវតែ ពិនិត្យភូមិសាស្ត្ររបស់ខ្លួនឲ្យបានច្បាស់លាស់ ជុំវិញទីតាំងដែលត្រូវបិទបន្ត ហើយចំពោះសេចក្តីសម្រេចនានា រដ្ឋបាលរាជធានីនឹងចេញដើម្បីអនុវត្តជាបន្តបន្ទាប់ទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន