ក្រុងធំៗ ចំនួន ២ របស់វៀតណាម នឹងផ្អាកសេវាកម្មកម្សាន្ត និងសេវាកម្មម្ហូបអាហារតាមចិញ្ចើមផ្លូវ ដើម្បីទប់ស្កាត់ការឆ្លងវីរុស Covid-19 ថ្មី
អាជីវកម្ម May 3, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឲ្យដឹងថា ទីក្រុងហូជីមិញ នឹងបិទរោងកុន ហាងម៉ាស្សា ស្ប៉ានិងហាងកាហ្វេដែលមានលេងល្បែង ខណៈទីក្រុងហាណូយផ្អាកអ្នកលក់អាហារ និងហាងកាហ្វេតាមដងផ្លូវ ដែលចាប់ផ្តើមនៅរសៀលថ្ងៃច័ន្ទនេះ ចំពេលមានការផ្ទុះឡើងនៃមេរោគ​ Covid-19 ថ្មី។

លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនក្រុងបានឱ្យដឹងនៅថ្ងៃច័ន្ទនេះថា នៅហូជីមិញអាជីវកម្មត្រូវបានគេបញ្ជាឱ្យបិទចាប់ពីម៉ោង ៦ ល្ងាច។ លោកបានបន្តថា ព្រឹត្តិការណ៍កីឡា និងការប្រជុំបន្ទាន់ និងសន្និសីទនានា ក៏នឹងត្រូវផ្អាកផងដែរ ហើយ ស្ថាប័ន សាសនា ក៏នឹងត្រូវកំណត់ចំនួនអ្នកចូលរួមសម្រាប់ព្រឹត្តិការណ៍របស់ពួកគេដូចគ្នា។

លោក Phong បាននិយាយថា ប្រជាជននឹងវិលត្រឡប់មក ទីក្រុងហូជីមិញ វិញបន្ទាប់ពីថ្ងៃឈប់សម្រាក ៤ ថ្ងៃដែលបញ្ចប់នៅថ្ងៃច័ន្ទក្នុងចំនួនដ៏ច្រើន ដូច្នេះការគ្រប់គ្រងត្រូវតែតឹងរឹងជាងពេលណាៗទាំងអស់។ ជាមួយគ្នានេះលោកបានកត់សម្គាល់ថា កន្លែងជាច្រើននៅក្នុងទីក្រុង បានធ្វេសប្រហែសចំពោះវិធានការការពារជំងឺឆ្លងដូចជា ការពាក់ម៉ាស ឬ រក្សាគម្លាត។ លោកក៏បន្ថែមថា ឧទ្យានទឹកក្នុងខណ្ឌ ១១ ត្រូវផ្អាកប្រតិបត្តិការរយៈពេលមួយសប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃច័ន្ទ ដោយសារការធ្វេសប្រហែសរបស់ពួកគេ។

ទន្ទឹមនឹងនេះ នៅថ្ងៃច័ន្ទនេះដែរ ទីក្រុងហាណូយនឹងបញ្ឈប់អ្នកលក់អាហារ និងហាងកាហ្វេតាមដងផ្លូវចាប់ពីម៉ោង ៥ ល្ងាច នេះបើយោងតាមប្រធានគណៈកម្មាធិការប្រជាជនហាណូយលោក Chu Ngoc Anh។ ស្របពេលដែលអាជីវកម្មខាងលើត្រូវបានបិទ ស្ថាប័ន សាសនា និងកន្លែងប្រវត្តិសាស្ត្រ នឹងត្រូវអនុវត្តតាមផងដែរ។

ដោយឡែក ចំពោះភោជនីយដ្ឋាន និងហាងកាហ្វេ ជាគ្រួសារ ការលាងសម្អាតចាន និងរបស់របរប្រើប្រាស់ ត្រូវតែធានាហើយអតិថិជនត្រូវស្ថិតនៅចម្ងាយយ៉ាងតិចមួយម៉ែត្រពីគ្នា ឬ មានរនាំងថ្លានៅចន្លោះនោះ។ យ៉ាងណាមិញ​ ប្រធានគណៈកម្មាធិការប្រជាជនហាណូយ
បានសង្កត់ធ្ងន់ថា អាជីវកម្មដែលខកខានមិនបានគោរពតាមពិធីការការពារជំងឺ Covid-19 នឹងត្រូវបង្ខំឱ្យបញ្ឈប់ប្រតិបត្តិការ និងអាជីវកម្មតែម្ដង៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress