ហុងកុង អនុញ្ញាតឱ្យរង្គសាល បារ និងខារ៉ាអូខេ បើកដំណើរការឡើងវិញ តែសម្រាប់តែអ្នកចាក់វ៉ាក់សាំងរួចប៉ុណ្ណោះ
អាជីវកម្ម April 29, 2021 Khmernote

ទីក្រុងហុងកុង នឹងបន្ធូរបន្ថយការរឹតត្បិតក្នុងសង្គម ដោយអនុញ្ញាតឱ្យរង្គសាល បារ និងខារ៉ាអូខេ បើកដំណើរការឡើងវិញនិងបើកប្រតិបត្តិការដល់ពាក់កណ្តាលអធ្រាត្រ សម្រាប់តែអ្នកចាក់វ៉ាក់សាំងប៉ុណ្ណោះ។ ការបន្ធូរបន្ថយនេះ នឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលរដ្ឋាភិបាលបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញដល់ទីក្រុងឱ្យមានសកម្មភាពចាក់ថ្នាំបង្ការរោគឆ្លង Covid-19។

រដ្ឋលេខាធិការស្បៀងនិងសុខភាពលោកស្រី Sophia Chan បានប្រាប់សន្និសីទកាសែតកាលពីថ្ងៃអង្គារថា បុគ្គលិកនិងអតិថិជន ត្រូវប្រាកដថាបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់ដូសដំបូង ដើម្បីបើក និងទៅកម្សាន្តនៅអាជីវកម្មក្លឹប បារ និងខារ៉ាអូខេ។ លោកស្រីបាននិយាយថា ច្បាប់ថ្មីនេះនឹងអនុញ្ញាតឱ្យបារ និងក្លឹបរាត្រីនៅតែបើករហូតដល់ម៉ោង ២ ភ្លឺ ដោយតុនឹងត្រូវបានកំណត់ត្រឹមតែពីរនាក់ និងក្នុងបន្ទប់ខារ៉ាអូខេ អនុញ្ញាតឲ្យមានមនុស្សតែ ៤នាក់ប៉ុណ្ណោះ។

លោកស្រីក៏បានបន្តថា រដ្ឋាភិបាលក៏កំពុងសិក្សាកន្លែងបង្កើតកម្មវិធីទូរស័ព្ទថ្មីមួយ ដែលអាចកំណត់អត្តសញ្ញាណស្ថានភាពចាក់វ៉ាក់សាំងរបស់អតិថិជនបាន។ គួរបញ្ជាក់ផងដែរថា រង្គសាលត្រូវបានបញ្ជាឱ្យបិទទ្វារចាប់តាំងពីខែវិច្ឆិកា ប៉ុន្តែរង្គសាលខ្លះ ត្រូវបានអនុញ្ញាតឱ្យបន្តប្រតិបត្តិការរហូតដល់ម៉ោង ១០ យប់ ដោយទទួលបានអាជ្ញាប័ណ្ណដើម្បីបម្រើអាហារ ខណៈពេលដែលក្លឹបរាត្រី ត្រូវបានបិទទ្វារទាំងអស់៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand