ក្រុមហ៊ុនជប៉ុន Suzuki Motor នឹងផ្អាកប្រតិបត្តិការនៅតាមរោងចក្ររបស់ខ្លួនក្នុងប្រទេសឥណ្ឌា ដោយសារបញ្ហាកង្វះអុកស៊ីសែន
អាជីវកម្ម April 29, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឲ្យដឹងថាក្រុមហ៊ុន Suzuki Motor របស់ជប៉ុន នឹងផ្អាកប្រតិបត្តិការនៅតាមរោងចក្ររបស់ខ្លួនក្នុងប្រទេសឥណ្ឌា ខណៈដែលប្រទេសនេះកំពុងប្រឈមនឹងការលំបាកក្នុងការផ្គត់ផ្គង់គ្រឿងបន្លាស់ ដោយសារតែកង្វះអុកស៊ីសែនប្រើប្រាស់ក្នុងឧស្សាហកម្មនៅពេលមានការរាតត្បាត។

ប្រភពដដែលបានបន្តឲ្យដឹងថា នៅក្នុងប្រទេសឥណ្ឌា ឧស្សាហកម្មអុកស៊ីសែនកំពុងត្រូវបានបង្វែរ សម្រាប់ប្រើប្រាស់លើវេជ្ជសាស្រ្តវិញ ខណៈប្រព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេសនេះប្រឈមនឹងកង្វះហ្គាសធ្ងន់ធ្ងរ។ ដូច្នេះហើយក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ បានសម្រេចបញ្ឈប់ការផលិតនៅរោងចក្រចំនួន ៣ របស់ខ្លួននៅប្រទេសឥណ្ឌាចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៩ ខែឧសភា។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Suzuki បានលើកឡើងថា ការផ្អាកនេះនឹងមិននាំឱ្យមានការកាត់បន្ថយផលិតកម្មទេ ព្រោះក្រុមហ៊ុននឹងប្រើរយៈពេលដែលផ្អាកនេះ សម្រាប់ការថែរក្សាឧបករណ៍ដែលបានគ្រោងទុកនៅដើមខែមិថុនា។ ក្រុមហ៊ុនក៏បានបន្ថែមថា ខ្លួននឹងសម្រេចចិត្តថានឹងត្រូវចាប់ផ្តើមផលិតឡើងវិញ នៅពេលកំពុងត្រួតពិនិត្យស្ថានភាពនៃការឆ្លងវីរុស Covid-19 នៅក្នុងប្រទេស៕

គួរបញ្ជាក់ផងដែរថា ស្ថានការណ៍នៅក្នុងប្រទេសឥណ្ឌាកាន់តែអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយក្នុងថ្ងៃទី២៨ ម្សិលមិញនេះ ប្រទេសឥណ្ឌាបានបំបែកកំណត់ត្រាឆ្លងថ្មីមួយទៀត ដោយមានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីជាង ៣៦០,០០០ នាក់ ខណៈដែលចំនួនមរណភាពដោយសារជំងឺ COVID-19 នៅក្នុងប្រទេសនេះ បានកើនឡើងរហូតដល់ជាង ២០០,០០០ ករណី គិតត្រឹមថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១នេះ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk