រដ្ឋបាលខេត្តបាត់ដំបង សម្រេចឱ្យបើកលក់ដូរឡើងវិញនូវផ្សារចំនួន១១ទីតាំងធំៗ
អាជីវកម្ម April 28, 2021 Khmernote

បន្ទាប់ពីផ្អាកដំណើរការផ្សារមួយចំនួនក្នុងខេត្តបាត់ដំបងមួយរយៈ ដើម្បីទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ១៩នោះ រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចជាថ្មី ឲ្យបើកដំណើរការផ្សារ ចំនួន១១ ក្នុងស្រុកក្រុងចំនួន៣ ឡើងវិញ ជាបណ្តោះអាសន្ន១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមេសា ស្អែកតទៅ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបងឲ្យដឹងថាផ្សារទាំង១១ដែលដាក់ឲ្យដំណើរការឡើងវិញជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃសិន ចាប់ពីថ្ងៃទី២៩មេសាដល់ថ្ងៃទី១៣ខែឧសភា រួមមាន ផ្សារធំ បាត់ដំបង(ផ្សារណាត់) ផ្សារបឹងឈូក ផ្សារ១៣មករា ផ្សាររោងល្ខោន ផ្សារទំនើបភូពុយ ផ្សារអប្សរា ផ្សារលើ ផ្សារវត្តលាប និងផ្សារពោធិវង្ស ស្ថិតនៅក្នុងក្រុងបាត់ដំបង ។ ផ្សារជ្រៃ និងផ្សារថ្មគោល ស្ថិតនៅស្រុកថ្មគោល និង ផ្សារមោងឬស្សី ស្ថិតនៅស្រុកមោងឬស្សី ។

រដ្ឋបាលខេត្តសម្រេចឲ្យដំណើរការផ្សារខាងលើនេះ ដូច្នេះរដ្ឋបាលក្រុងស្រុកសាមីនិងអ្នកគ្រប់គ្រងផ្សារត្រូវដឹកនាំអនុវត្តនូវវិធានការសុខាភិបាល និង វិធានការរដ្ឋបាលដើម្បី ទប់ស្កាត់ការ ឆ្លងរាលដាលជំងឺកូវីដ១៩ ដោយត្រូវយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់លើការពង្រឹងវិធានការសុវត្ថិភាពផ្នែក សុខាភិបាល ពិសេសវិធានការ បីកុំ បីការពារ និងអនុវត្តនការដាក់ពិន័យអន្តរការណ៍លើបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការ ដែលរាជរដ្ឋាភិបាលនិងរដ្ឋបាលខេត្ត បានដាក់ចេញ៕

ប្រភព៖ ក្រសួងព័ត៌មាន