អភិបាលរាជធានីភ្នំពេញ ប្រកាសបិទផ្សារធំៗទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ដើម្បីកាត់ផ្តាច់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩
អាជីវកម្ម April 24, 2021 Khmernote

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពិនិត្យឱ្យបានម៉ត់ចត់ចំពោះសកម្មភាពនៅតាមផ្សារនានា ដោយយើងនឹងត្រូវបិទផ្សារធំៗ បន្ដទៀតនៅទីក្រុងភ្នំពេញ ដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈជំងឺនេះបាននិងកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងរាជធានីភ្នំពេញ។

ការណែនាំបែបនេះរបស់ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងកាលពីរាត្រីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈកិច្ចប្រជុំ video conference នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីពង្រឹងការងារមួយចំនួន ដូចជាការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ការរៀបចំវិធានការលើការបិទផ្សារ នានា និងការងាររៀបចំកន្លែងយកសំណាកពីអ្នកសង្ស័យកូវីដ-១៩ ផងដែរ។

ឯកឧត្ដម ឃួង ស្រេង បានគូសបញ្ជាក់ថា ចំពោះការងារនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អាជ្ញាធរខណ្ឌទាំងអស់ ត្រូវតែរៀបចំដោយការយកចិត្តទុកដាក់ និងម៉ត់ចត់ ពិ សេស រក្សាគម្លាតសុវត្ថិភាពចំពោះប្រជាពលរដ្ឋមកចាក់វ៉ាក់សាំង។ ឯកឧត្ដមបានបន្តថា កន្លងមកនេះ តាមការកត់សម្គាល់ឃើញមាននៅតាមផ្សារនានា បងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ពេលពួកគាត់ទៅផ្សារហាក់មិនខ្លាចឆ្លងកូវីដ-១៩សោះឡើយ ។ ទង្វើទាំងនេះ បានធ្វើឱ្យចំនួនអ្នកឆ្លងនៅតាមផ្សារនានានៅក្នុងរាជធានីភ្នំពេញបានកើនឡើងយ៉ាងលឿន និងគួរឱ្យព្រួយបារម្ភ។

ឯកឧត្ដមអភិបាលបានលើកឡើងថា ដោយឃើញពីបញ្ហាប្រឈមខ្លាំងបែបនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការបិទផ្សារជាបន្តបន្ទាប់ ហើយជាម្រោងដែលយើងនឹងបិទផ្សារមួយចំនួនធំទៀត នៅក្នុងទីក្រុងភ្នំពេញ ដើម្បីកាត់ផ្តាច់ឱ្យបាននូវ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ឯកឧត្ដមបានបន្ដថា ចំពោះផ្សារដែលអាជ្ញាធរត្រូវបិទបន្តទៀតនេះ មានផ្សារគីឡូម៉ែត្រលេខ៦ ផ្សារគីឡូម៉ែត្រលេខ៧ ផ្សារព្រែកព្នៅជាដើម ដោយរដ្ឋបាលរាជធានីភ្នំពេញ នឹងចេញលិខិតបិទតែម្តង ។

ឯកឧត្ដមបានបញ្ជាក់បន្ថែមថា បើទោះជាមានការបិទផ្សារក៏ពិតមែន ប៉ុន្តែបងប្អូនប្រជាពលរដ្ឋរបស់យើងនៅតែអាចទិញបន្លែ ត្រីសាច់ ម្ហូបអាហារបានតាមរយៈអនឡាញ តាមឡានលក់បន្លែ ត្រី សាច់ឬ តាមរ៉ឺម៉ក ជាដើម ដោយមិនឱ្យពួកគាត់លក់លើសពីតម្លៃទីផ្សារឡើយ ហើយអាជ្ញាធរជាអ្នកតាមដាន និងពិនិត្យទៅលើតម្លៃទាំងនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន