ដំណឹងល្អ! ក្រសួងពាណិជ្ជកម្ម នឹងជួយសម្របសម្រួលដល់ប្រជាពលរដ្ឋក្នុងតំបន់ក្រហម អាចបញ្ជាទិញទំនិញចាំបាច់​​តាមបណ្តាផ្សារផ្សេងៗ តាមអនឡាញ
អាជីវកម្ម April 24, 2021 Khmernote

ក្រសួងពាណិជ្ជកម្ម នឹងជួយសម្របសម្រួលប្រជាពលរដ្ឋក្នុងតំបន់ក្រហមឲ្យអាចបញ្ជាទិញទំនិញចាំបាច់តាមបណ្តាផ្សារផ្សេងៗ តាមប្រព័ន្ធអនឡាញ។ ក្រសួងពាណិជ្ជកម្មនឹងសុំការសហការពីអាជ្ញាធរនៅតំបន់ក្រហម ក្នុងការជួយបញ្ជូនទំនិញបន្ត ឲ្យដល់មុខផ្ទះ របស់ប្រជាពលរដ្ឋតែម្តង ។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម មានតួនាទី ភារៈកិច្ច ជួយសម្របសម្រួល ក្នុងការលក់ទំនិញ និងសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងតំបន់ក្រហម ដើម្បីបញ្ជូនទំនិញ ទាំងអស់ ទៅដល់មុខផ្ទះរបស់ប្រជាពលរដ្ឋ ដោយសារប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម មិនអាចចេញក្រៅផ្ទះបាន ។

ឯកឧត្តម បានបន្តថា ត្បិតបច្ចុប្បន្នក្រសួងពាណិជ្ជកម្មបានចេញវិធានការមួយចំនួន ដើម្បីជួយសម្រួលបញ្ហាប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ក៏ពិតមែន ក៏ប៉ុន្តែប្រជាពលរដ្ឋនៅមានតម្រូវការផ្សេងទៀត ក្រៅពីអ្វីដែលក្រសួងអាចផ្តល់ជូនបាន ដូច្នេះបញ្ហានេះ ក្រសួងពាណិជ្ជកម្ម នឹងធ្វើការទំនាក់ទំនងតាមបណ្តាផ្សារផ្សេងៗ ដែលមានរៀបចំលក់តាមប្រព័ន្ធអនឡាញ និងអាជ្ញាធរក្នុងតំបន់ ដើម្បីសម្របសម្រួល ដល់ការបញ្ជាទិញទំនិញចាំបាច់ ហើយអាចដឹកជញ្ជូនដល់មុខផ្ទះ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម ។

សំឡេង៖«ប្រជាពលរដ្ឋយើងខ្លះមានដាក់សំណូមពរមកថា តើត្រី សាច់ បន្លែ មានឬទេ ? តើមានទឹកដោះគោសម្រាប់ក្មេងទេ មានថ្នាំ ពេទ្យទេ -ល- តើយើងអាចជួយដូចម្តេចបាន ? ខ្ញុំបាទសូមជម្រាបជូនថា យើងនឹងជួយសម្របសម្រួល ទៅមជ្ឈមណ្ឌល ឬ ចំណុចលក់ ផ្សេងៗ ដូចជាផ្សារជីប ម៉ុង ផ្សារម៉ាក្រូ ផ្សារអ៊ីអន ឬក៏ផ្សារលក់ផ្សេងៗទៀត ដើម្បីជួយបញ្ជាទិញឱ្យប្រជាពលរដ្ឋក្នុងតំបន់ក្រហម ធ្វើម៉េចឱ្យទំនិញទាំងអស់មកដល់ដៃរបស់ប្រជាពលរដ្ឋក្នុងតំបន់ក្រហម គឺជាចំណុចដែលយើងកំពុងជជែកនិងជម្រាបជូន នូវអ្វីដែល ប្រជាពលរដ្ឋអាចប្រើប្រាស់សេវារបស់ក្រសួងពាណិជ្ជកម្មបាន នៅក្នុងតំបន់ក្រហម»។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមានទំនុកចិត្ត មកលើរាជរដ្ឋាភិបាល កម្ពុជា ក៏ដូចជាក្រសួងពាណិជ្ជកម្ម ដែលជានិច្ចជាកាល ក្រសួងបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយនិងកម្លាំងចិត្ត ដើម្បីរួមចំណែក ជួយប្រជាពលរដ្ឋ ក្នុងគ្រាដ៏លំបាកនេះ ៕

ប្រភព៖ ក្រសួងព័ត៌មាន