មន្ទីរកសិកម្ម រុក្ខាខេត្តសៀមរាបកំពុង ជំរុញកសិករឲ្យប្រើប្រាស់ឡជីវឧស្ម័ន ដើម្បីកាត់បន្ថយការចំណាយ
អាជីវកម្ម April 23, 2021 Khmernote

មន្ត្រីជំនាញកសិកម្មក្នុងខេត្តសៀមរាប កំពុងជំរុញដល់ប្រជាកសិករឲ្យងាកមកសាងសង់ឡជីវឧស្ម័នប្រើប្រាស់ នៅក្នុងគ្រួសារ ព្រោះអាចទទួលបានផលប្រយោជន៍ជាច្រើន ពិសេសកាត់បន្ថយការចំណាយក្នុងជីវភាពប្រចាំថ្ងៃ។ លោកសឹម ធរដ្ឋ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនិងជាមន្រ្តីសម្របសម្រួលឡជីវឧស្ម័ននៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ឡជីវឧស្ម័នជាកម្មវិធីថ្នាក់ជាតិមួយ បានចាប់ផ្តើមអនុវត្តកាលពីឆ្នាំ២០០៦ តាមបណ្តាខេត្តគោលដៅមួយចំនួន។

កម្មវិធីនេះមានគោលបំណងបង្កើតវិស័យឡជីវឧស្ម័ន តាមបែបពាណិជ្ជកម្មនិងទីផ្សារ ដើម្បីផ្សព្វផ្សាយពង្រីកការសាងសង់ និងប្រើប្រាស់ឡជីវឧស្ម័ន ដែលជាប្រភពកកើតឡើងវិញ និងមាននិរន្តរភាព ធ្វើឲ្យប្រជាពលរដ្ឋមានសុខភាពល្អ មានជីវភាព កាន់តែប្រសើរ និងបរិស្ថានល្អ តាមរយៈការពង្រីកការចិញ្ចឹមសត្វ ការដាំដុះ និងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និង ចីរភាពនៅកម្ពុជា។

លោកបន្តថា តាមរយៈការជំរុញរបស់មន្ទីរ ដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់ឡជីវឧស្ម័ននេះ ព្រោះវាបានផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើនដល់ប្រជាកសិករ ដូចជាៈសំណល់ឡជាជីធម្មជាតិមានគុណភាពល្អសម្រាប់ដំណាំគ្រប់ប្រភេទ ធ្វើឲ្យភូមិឋាន មានបរិស្ថាន និងអនាម័យល្អ ផ្ទះបាយគ្មានផ្សែង កាត់បន្ថយការប្រើប្រាស់អុស និងធ្យូង ដោយប្រើឧស្ម័នដែលទាញយក ពីឡជំនួស ផ្តល់ឧស្ម័នបង្កើតបានជាអគ្គិសនីប្រើប្រាស់ក្នុងលំនៅឋានបានយ៉ាងល្អ ជួយសន្សំប្រាក់ក្នុងគ្រួសារកសិករ បានយ៉ាងមានប្រសិទ្ធភាពខ្ពស់ និងអាចប្រើប្រាស់បានយូរអង្វែង។

សូមជម្រាបផងដែរថា នៅក្នុងខេត្តសៀមរាប ប្រជាពលរដ្ឋចាប់អារម្មណ៍សាងសង់ឡជីវឧស្ម័នសម្រាប់ប្រើប្រាស់មានចំនួន ៧៤៧ឡ ដោយសារពួកគាត់យល់ដឹងពីសារប្រយោជន៍នៃឡជីវឧស្ម័ន និងមានការជួយផ្តល់ថវិកាឧបត្ថម្ភជាបដិភាគពីគម្រោង ដល់ប្រជាពលរដ្ឋដែលសាងសង់ទៀតផង៕

ប្រភព៖ ក្រសួងព័ត៌មាន