ទំនើបរបស់គេមែន! 7-Eleven នៅជប៉ុនកំពុងសាកល្បងរ៉ូបូតចែកចាយទំនិញពីហាងរបស់ខ្លួនទៅអតិថិជន
អាជីវកម្ម April 21, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឲ្យដឹងថា បណ្តាញហាងងាយស្រួលដ៏ល្បីរបស់ជប៉ុន 7-Eleven កំពុងសាកល្បងរ៉ូបូតចែកចាយ ដែលអាចបញ្ជានៅក្នុងអគារការិយាល័យ។ ប្រភពដដែលបានបន្តថា ក្រុមហ៊ុនដ៏ល្បីមួយនេះ កំពុងធ្វើការជាមួយក្រុមហ៊ុនទូរស័ព្ទចល័ត SoftBank លើគម្រោងដែលបានចាប់ផ្តើមនៅក្នុងអគារមួយនៅទីក្រុងតូក្យូ។

ជាលទ្ធផល បុគ្គលិកនៅក្នុងអគារនោះអាចធ្វើការបញ្ជាទិញទំនិញពី 7-Eleven មួយនៅជាន់ទី៣៤ នៃអគារតាមរយៈស្មាតហ្វូនរបស់ពួកគេ។ បន្ទាប់មកនោះ បុគ្គលិក 7-Eleven នឹងរៀបចំដាក់របស់របរដែលទិញនៅក្នុងរ៉ូបូត ហើយធ្វើការចែកចាយតាមគោលដៅ។

គួរឲ្យដឹងផងដែរថា រ៉ូបូតត្រូវបានភ្ជាប់ទៅនឹងប្រព័ន្ធជណ្តើរយន្តនៃអាគារ ហើយមិនត្រូវការជំនួយដើម្បីទៅដល់អតិថិជនទេ។ ជាមួយគ្នានេះ Seven-Eleven បាននិយាយថា ខ្លួននឹងប្រើលទ្ធផលនៃការធ្វើតេស្តនេះ ដើម្បីអភិវឌ្ឍការចែកចាយដោយគ្មានមនុស្សបើក ដើម្បីបរិស្ថានដែលវានឹងកាន់តែស្មុគស្មាញ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk