រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មទាំងអស់ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ (ផ្សារចិន) រយៈពេល ០២សប្តាហ៍
អាជីវកម្ម April 20, 2021 Khmernote

រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែមេសា កន្លងទៅថ្មីៗនេះ បានចេញសេចក្ដីសម្រេច ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរទាំងអស់នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ(ផ្សារចិន) រយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

នៅក្នុងសេចក្ដីសម្រេចដដែលក៏បានឲ្យដឹងថា បន្ទាប់ពីត្រូវបិទអាជីវកម្ម អាជីវករ ព្រមទាំងក្រុមគ្រួសាររបស់ខ្លួន ត្រូវតែធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ១៩ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ១៩ ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ១២៣នាក់។

ក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩ ទាំង១២៣នាក់រួមមាន៖ អាជីវករផ្សារលើ ក្រុងព្រះសីហនុ និងក្រុមគ្រួសារ ក៏ដូចជាអ្នកពាក់ព័ន្ធជាមួយអាជីវករទាំងនោះ រួមទាំងប្រជាពលរដ្ឋរស់នៅតំបន់ទំនប់រលក ភូមិ៣ សង្កាត់លេខ១ ចំនួន១នាក់៕

អត្ថបទ៖ លីនី