រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សម្រេចឲ្យផ្អាកដំណើរការផ្សារ ៤ទីតាំង​ក្នុងខណ្ឌជាបណ្ដោះអាសន្ន
អាជីវកម្ម April 19, 2021 Khmernote

យោងតាមសេចក្ដីជូនដំណឹងដែលបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យមុននេះបន្តិចបានឲ្យដឹងថា រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារបន្លែចំនួន ៤ទីតាំងនៅក្នុងខណ្ឌរួមមាន៖ ផ្សារសិនជូរីផ្លាហ្សា ស្ថិតក្នុងសង្កាត់កាកាបទី១ ផ្សារទួលពង្រ ផ្សារឯករាជ្យ១ និងផ្សារត្រពាំងថ្លឹង ដែលស្ថិតក្នុងសង្កាត់ចោមចៅទី១ នៃខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សេចក្ដីជូនដំណឹងបានបញ្ជាក់ថា ផ្សារទាំង ៤កន្លែងនេះនឹងត្រូវផ្អាកចាប់ពីថ្ងៃទី១៩ ខែមេសា នេះរហូតដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូល ក្នុងទីតាំងផ្សារខាងលើ៕

អត្ថបទ៖ លីនី