Thai Airways គឺជាក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីមួយនៅក្នុងប្រទេសថៃដែលមានភាគហ៊ុនរដ្ឋនៅក្នុងនោះ តែគួរឲ្យសោកស្ដាយដោយសារវិបត្តិហិរញ្ញវត្ថុ និងវិបត្តិកូវីដ-១៩ បានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍នេះឈានដល់ការប្រកាសក្ស័យធន។ បើទោះបីជាបានដាក់ពាក្យទៅកាន់តុលាក្ស័យធន និងជ្រុះបាត់នាមជាសហគ្រាសរបស់រដ្ឋ Thai Airways ក៏ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឲ្យស្ដារនិសម្បទាក្រុមហ៊ុនឡើងវិញផងដែរ។
បន្ទាប់ពីបានដាក់ចេញនៅផែនការស្ដារឡើងវិញ ឃើញថា Thai Airways បានព្យាយាមរិះរកយុទ្ធសាស្រ្ត និងគ្រប់មធ្យោបាយដើម្បីទទួលបានចំណូល និងប្រាក់ចំណេញដើម្បីដោះបំណុល ក្នុងនោះកាលពីខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុនអាកាសចរណ៍មួយនេះបានចាប់យកអាជីវកម្មលក់នំចៀន (នំប៉ាតុង) ឬអាចហៅថា នំឆាខ្វៃ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថា កាលពីដើមខែតុលា ឆ្នាំមុន Thai Airways គ្រោងនឹងលក់ហ្រ្វេនឆាយលើអាជីវកម្មលក់នំ ឆាខ្វៃ ដែលទទួលបានចំណូលប្រហែល ១០ លានបាតក្នុងការលក់ប្រចាំខែ។ ប្រធានស្តីទីរបស់ THAI លោក Chansin Treenuchagron បានប្រាប់ក្រុមអ្នកយកព័ត៌មានថា នំឆាខ្វៃ ពេញនិយមណាស់ ដោយមនុស្សជាច្រើនបានតម្រង់ជួរយ៉ាងវែងចាំទិញនំនេះជារៀងរាល់ព្រឹកនៅហាងលក់ចំនួន ៥ របស់ក្រុមហ៊ុនអាកាសចរណ៍នៅទីក្រុងបាងកក។

ដោយសារតែមានការគាំទ្រច្រើន ក្រុមហ៊ុនអាកាសចរណ៍នេះ គ្រោងនឹងលក់សិទ្ធិធ្វើនំឆាខ្វៃរបស់ខ្លួន ដូច្នេះ ក្រុមហ៊ុននិងដៃគូអាចទទួលបានផលប្រយោជន៍ពីប្រជាប្រិយភាពរបស់ពួកគេ។ យ៉ាងណាមិញ បន្ទាប់ពីរបរលក់ឆាខ្វៃនេះ ក្រោយមក Thai Airways បានបង្កើតអាជីវកម្មជាច្រើនទៀតដូចជា បើកភោជនីយដ្ឋាន និងកាហ្វេផ្ទាល់ដី ព្រមទាំងដាក់ជួលការិយាល័យ និងលក់យន្តហោះ ជាមួយនឹងសម្ភារៈប្រើប្រាស់លើយន្តហោះថែមទៀតផង។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីការគ្រប់គ្រងមិនល្អផ្នែកហិរញ្ញវត្ថុអស់រយៈពេលជាច្រើនឆ្នាំ គួបផ្សំនឹងវិបត្តិកូវីដ-១៩ ក្រុមហ៊ុនអាកាសចរណ៍បានដាក់ពាក្យស្នើសុំក្ស័យធនដោយមានបំណុលសរុបចំនួន ៣៣២.២ ពាន់លានបាត។

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


