ឯកឧត្ដម ឃួង ស្រេង អំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាន និងហាងកាហ្វេ គួរខ្ចប់ជូនអតិថិជន ដើម្បីការពារ និងទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩
អាជីវកម្ម April 7, 2021 Khmernote

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងលក់ម្ហូបអាហារទាំងអស់នៅក្នុងរាជធានីភ្នំពេញ គួរបម្រើសេវាខ្ចប់ ជូនអតិថិជន ប្រសើរជាង ការអង្គុយទទួលទាននៅក្នុងហាង។ ការអំពាវនាវរបស់ ឯកឧត្ដម ឃួង ស្រេង បែបនេះ កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីសង្កេតឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ ហាក់មិនមានការថមថយ ហើយភាគីច្រើនកើតឡើងនៅតាមភោជនីយដ្ឋាន និងហាងកាហ្វេ ដោយសារតែមានមនុស្សជាច្រើននៅតែបន្ដទៅជួបជុំទទួលទានអាហារ ដោយមិនបានរក្សា គម្លាតត្រឹមត្រូវ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ឯកឧត្ដម ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងលក់ម្ហូបអាហារទាំងអស់ នៅក្នុងរាជធានីភ្នំពេញ បន្ដអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ពិសេសកាត់ បន្ថយចំនួនភ្ញៀវដែលអង្គុយនៅក្នុងហាង ហើយបើល្អបំផុតនោះ សូមបម្រើអតិថិជន ដោយការខ្ចប់។

ឯកឧត្ដម ឃួង ស្រេង បានគូសបញ្ជាក់ថា ក្នុងករណីម្ចាស់ភោជនីយដ្ឋាន ឬហាងកាហ្វេ ចង់ឱ្យអតិថិជនបន្ដទទួលទាននៅក្នុងទីតាំងរបស់ខ្លួន ត្រូវតែអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល ដោយរក្សាគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះ ឬកាត់បន្ថយចំនួនកៅអីដែលអង្គុយនៅតាមតុដែលមានការប្រមូលផ្ដុំ។

(រូបតំណាង)

តាមអភិបាលរាជធានីភ្នំពេញ ក្នុងករណី ម្ចាស់ទីតាំងភោជនីយដ្ឋាន និងហាងកាហ្វេ នៅតែអនុវត្តមិនបានត្រឹមត្រូវ តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច និងវិធានរបស់ក្រសួងសុខាភិបាលទេនោះ អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ដើម្បីចូលរួមការពារ និងទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។

(រូបតំណាង)

មន្ដ្រីសុខាភិបាលក៏បានបញ្ជាក់ឱ្យដឹងដែរថា ករណីឆ្លងជាច្រើននៅក្នុងរាជធានីភ្នំពេញ នៅពេលសួរនាំទៅកាន់ប្រជាពលរដ្ឋដែលឆ្លងនោះ គឺមានប្រភពចេញពីកន្លែងហូប អាហារនៅតាមភោជនីយដ្ឋាន ឬហាងកាហ្វេជាដើម។ លើសពីនេះទៅទៀត ក៏មាន ការឆ្លងចេញពីកន្លែងហូបបាយជុំគ្នានៅកន្លែងធ្វើការផងដែរ។ ជាក់ស្ដែងបុគ្គលិកធនាគារមួយ ពេលធ្វើការមានការពាក់ម៉ាសត្រឹមត្រូវ ហើយខ្ចប់បាយផ្ទះទៅហូប ប៉ុន្ដែបែរជា ត្រូវឆ្លងចេញ ពីកន្លែងហូបបាយជុំគ្នានៅកន្លែងធ្វើការទៅវិញ។ យ៉ាងណាមិញ ទីតាំង ភោជនីយដ្ឋាន និង ហាងកាហ្វេ ដែលត្រូវបានរកឃើញថា មានការពាក់ព័ន្ធ អ្នកកើតជំងឺកូវីដ១៩ ត្រូវបានបិទទ្វារបណ្ដោះអាសន្នជាបន្ដបន្ទាប់ផងដែរ៕

(រូបតំណាង)

ប្រភព៖ ក្រសួងព័ត៌មាន