អ្នកដាំពោត មិនគួររំលង! កសិករដាំពោតផ្អែម នៅខេត្តសៀមរាបបង្ហាញវិធីសាស្ត្រដាំដុះទទួលបានទិន្នផលខ្ពស់
អាជីវកម្ម April 7, 2021 Khmernote

កសិករដាំដុះដំណាំ ពោតផ្អែមនៅស្រុកជីក្រែង ខេត្តសៀមរាប ជ្រើសរើស ការដាំពោតវិលជុំ ដើម្បីលក់ចេញផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយក្នុងមួយវគ្គអាចរកប្រាក់ចំណូលបានជាង ៤០ម៉ឺនរៀលពីមុខរបរនេះ។ អ្នកស្រី ថន សុផុន រស់នៅភូមិថ្នល់តាសិត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាបបានឱ្យដឹងថា អ្នកស្រីចាប់ផ្តើមដាំដុះដំណាំកសិកម្មចម្រុះរយៈពេលប្រមាណជាង២០ឆ្នាំមកហើយ ដោយបច្ចុប្បន្នអ្នកស្រីកំពុងដាំនិងប្រមូលផលពោតផ្អែមដើម្បីលក់ទៅកាន់ទីផ្សារ។ អ្នកស្រីបន្តថា ពោតផ្អែមត្រូវចំណាយពេលវេលាប្រមាណជាង២ខែ ទើបអាចប្រមូលផលបាន និងត្រូវចាប់ភ្ជួររាស់ដើម្បីដាំដុះបន្តទៀត ព្រោះត្រូវដាំវិលជុំជាប្រចាំ ដោយក្នុងមួយវគ្គទទួលប្រាក់ចំណូលបានប្រមាណជាង ៤០ម៉ឺនរៀល។

អ្នកស្រីបន្តទៀតថា ដើម្បីដាំដុះដំណាំពោតផ្អែមទទួលបានទិន្នផលល្អ កសិករត្រូវអនុវត្តន៍ចំណុចសំខាន់ៗមួយចំនួនរួមមាន៖ មុនដំបូងត្រូវភ្ជួររាស់សំអាតដីឱ្យស្អាតទុកចោលរយៈពេលពី១០ទៅ១៥ថ្ងៃ ទើបចាប់ផ្តើមលើករងដែលមានទទឹងចាប់ពីមួយម៉ែត្រឡើងទៅ និងត្រូវដាក់បញ្ចូលជីលាមកសត្វ និងជីគីមីលាយបញ្ចូលទៅក្នុងរង ទើបចាប់ផ្តើមដាំដុះ ដោយជ្រើសរើសការដាំគ្រាប់ផ្ទាល់ក្នុងរណ្តៅ និងរក្សាគម្លាតចន្លោះពី២៥ទៅ៣០សង់ទីម៉ែត្រ ដើម្បីឱ្យពោតលូតលាស់បានល្អ ងាយស្រួលថែទាំ បន្ទាប់មកពេលពោតកំពុងលូតលាស់ត្រូវថែទាំដោយសំអាតស្មៅ និងស្រោចទឹកជាប្រចាំកុំឱ្យតិចពេលឬច្រើនពេក។

សំឡេង៖ដាំពោតដំណើប ប្រភេទហាយឡាយ ដាំប្រហែលជាង២០រង ពោតបើយើងដាំចង់ទទួលបានផលច្រើនទាល់តែដាំរាងរង្វើល បើដាំញឹកពេកអត់ទទួលបានផលទេ ខ្ញុំដាំប្រហែលមួយគុម្ភកន្លះម៉ែត្រដាក់ពីរគ្រាប់ ដីខ្ញុំពេលច្រូតកាត់រួចភ្ជួរលុប បាន២ទៅ៣សាហើយ ទើបបាចកំបោររួចប្រហែលកន្លះខែ ទើបដាំ កន្លែងពោតនោះខ្ញុំដាក់ជីប្រហែល៣០គីឡូ ដាក់ម្តង១៥គីឡូ ខ្ញុំដាំគ្រាប់អត់បណ្តុះកូនទេ អត់សូវជួបបញ្ហាទេ បើយើងដាំរង្វើលមានខ្យល់អាកាសចេញចូលនោះ អត់សូវមានដង្កូវ អត់សូវមានរោគអីទេ បើយើងដាំញឹកវាចង្អៀតសម្បូរជំងឺណាស់ ពោតខ្ញុំបាញ់ថ្នាំតែម្តងពេលចេញស្នៀត ខ្ញុំដាំម្តងអស់គ្រាប់កន្លះគីឡូបានផល៧ផ្លូន លក់បាន១២០០០មួយផ្លូន។

គួរជម្រាបផងដែរថា ពោតជាដំណាំមួយយ៉ាងសំខាន់ក្នុងចំណោមដំណាំស្បៀង សំខាន់ៗផ្សេងទៀត សម្រាប់បម្រើផលប្រយោជន៍របស់មនុស្សនិងសត្វ ដែលអាចដាំដុះបានគ្រប់ទីកន្លែង មិនរើសរដូវកាល ដោយភាគច្រើន ប្រជាកសិករនៅកម្ពុជា និយមដាំដុះដំណាំនេះជាខ្លាំង ដើម្បីបរិភោគក្នុងគ្រួសារនិងលក់ចេញ រកប្រាក់ចំណូលលើកកម្ពស់ជីវភាពគ្រួសារ៕

ប្រភព៖ ក្រសួងព័ត៌មាន