ធនាគារកណ្តាលជប៉ុន បានចាប់ផ្តើមពិនិត្យមើលលទ្ធភាពបច្ចេកទេសនៃរូបិយប័ណ្ណឌីជីថល នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK កាលពីថ្ងៃច័ន្ទ ទី០៥ ខែមេសា កន្លងទៅនេះ។ បើតាមធនាគារកណ្តាលជប៉ុនបានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងនេះ មានគោលបំណងដើម្បីសាកល្បងមុខងារមូលដ្ឋាន ហើយបច្ចុប្បន្នធនាគារនេះមិនមានផែនការចេញរូបិយប័ណ្ណបែបនេះទេ។

ជាក់ស្ដែងការពិសោធន៍បានចាប់ផ្តើមនៅថ្ងៃច័ន្ទ ហើយគ្រោងនឹងបន្តរហូតដល់ខែមីនាឆ្នាំក្រោយ។ បន្ទាប់ពីនោះមក ធនាគារកណ្តាលជប៉ុន នឹងពិចារណាថាតើត្រូវធ្វើការសាកល្បងដែលពាក់ព័ន្ធនឹងអាជីវកម្មឯកជន និងអតិថិជនដែរ ឬ ទេ។
គួរឲ្យដឹងថា ធនាគារកណ្តាលនៅក្នុងប្រទេសមួយចំនួនទៀតក៏កំពុងសិក្សារូបិយប័ណ្ណឌីជីថលផងដែរ។ តួយ៉ាងដូចជាប្រទេសចិនបានធ្វើការសាកល្បងជាសាធារណៈនៃប្រាក់យ័នឌីជីថលរួចទៅហើយ ហើយត្រូវបានគេនិយាយថាកំពុងនាំមុខប្រទេសដទៃទៀតនៅក្នុងវិស័យនេះផងដែរ៕
អត្ថបទ៖ លីនី
ប្រភព៖ nhk