ស្រ្តីជាច្រើនក្នុងប្រទេសវៀតណាមដែលបានបាត់បង់ការងាររបស់ពួកគេ ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះដោយសារជំងឺរាតត្បាត Covid-19 បានងាកទៅរកការដឹកជញ្ជូនអាហារដើម្បីរកប្រាក់ចំណូល។ ស្រ្តីវ័យ ៤២ឆ្នាំម្នាក់ដែលមានឈ្មោះថា Ngan Nguyen បានក្លាយជាអ្នកដឹកជញ្ជូនអាហារអស់រយៈពេលជិតមួយឆ្នាំហើយ ចាប់តាំងពីគាត់បានបាត់បង់ការងារនៅភោជនីយដ្ឋានមួយកន្លែងកាលពីខែកុម្ភៈ ឆ្នាំ២០២០។ ជារៀលរាល់ថ្ងៃ ស្រ្តីរូបនេះ រង់ចាំនៅជាមួយអ្នកដឹកជញ្ជូនជាច្រើននាក់ទៀតនៅផ្លូវបំបែក នៅម្ដុំហាងកាហ្វេ និងភោជនីយដ្ឋានជាច្រើន ដើម្បីទទួលការកម្ម៉ង់នៅលើទូរស័ព្ទរបស់នាង។
ស្រ្តីទន់ខ្សោយរូបនេះបាននិយាយថា៖ « គាត់បានដាក់ពាក្យសុំធ្វើជាអ្នករត់ម៉ូតូឌុប ប៉ុន្តែមនុស្សគ្រប់គ្នាមិនទុកចិត្តអ្នកបើកបរម៉ូតូជាស្ត្រីទេ ដូច្នេះហើយគាត់បានប្តូរទៅជាដឹកជញ្ជូនអាហារពេញម៉ោងវិញ។ គាត់គិតថា ការដឹកជញ្ជូនអាហារ គឺជាការងារដែលមានសុវត្ថិភាពជាងមុន ហើយគាត់ពិតជារកប្រាក់បានល្អជាងអ្នកបើកតាក់ស៊ីទៅទៀត »។

លោកស្រី Ngan Nguyen គឺជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីរាប់ពាន់នាក់ ដែលបានបាត់បង់ការងារអំឡុងពេលមានជំងឺរាតត្បាត ហើយបានចុះបញ្ជីជាមួយក្រុមហ៊ុនដឹកជញ្ជូន និងចែកចាយអាហារ។ បើតាមទិន្នន័យពីក្រុមហ៊ុនចែកចាយ Ahamove បានបង្ហាញថា ចំនួនអ្នកបើកបរស្រីថ្មី ដែលបានចុះឈ្មោះចូលរួមក្នុងវេទិការបស់ពួកគេបានកើនឡើងស្ទើរតែបីដងក្នុងរយៈពេល ១២ ខែចុងក្រោយនេះ។

គួរបញ្ជាក់ផងដែរថា ការកាត់បន្ថយការងារក្នុងម៉ោងធ្វើការដោយសារជំងឺរាតត្បាត បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការងារ និងប្រាក់ចំណូលនៅអាស៊ី នេះបើយោងតាមអង្គការពលកម្មអន្តរជាតិ។ ជាក់ស្ដែងនៅប្រទេសវៀតណាមប្រជាជន ៣២.១ លាននាក់ដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅ បានរងគ្រោះដោយការបាត់បង់ការងារ កាត់បន្ថយម៉ោងធ្វើការ និងការកាត់បន្ថយប្រាក់ឈ្នួល៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress


