អាជ្ញាធរជាតិអប្សរា អំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក
អចលនទ្រព្យ April 1, 2021 Khmernote

ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរា សូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក នេះបើយោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះ។

នៅក្នុងនោះផងដែរថា អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ គឺជាតំបន់មានស្ថានីយបុរាណវត្ថុសំខាន់ៗដែលត្រូវការកិច្ចការពារកម្រិតខ្ពស់បំផុត (តំបន់១) និងជាតំបន់សម្បូរសំណល់បុរាណវត្ថុដែលត្រូវការពារទប់ទល់នឹងនឹងការប្រេីប្រាស់ដីធ្លីផ្តេសផ្តាសនិងការអភិវឌ្ឍន៍មិនសមស្រប(តំបន់២)។ ការលក់ទិញដីធ្លីក្នុងតំបន់ទាំងនេះ គឺផ្ទុយនឹងច្បាប់ដែលមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២។

យ៉ាងណាមិញ ដេីម្បីបានដឹងអំពីទីតាំងតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរឲ្យបានច្បាស់លាស់ សូមទាញយកផែនទីតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរដាក់ចូលក្នុងកម្មវិធី Google Earth នៃទូរសព្ទដៃ ឬ កុំព្យូទ័ររបស់លោកអ្នក។ ក្នុងករណីមានចម្ងល់ទាំងឡាយណាពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លីក្នុងតំបន់ការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ សូមទាក់ទងតាមលេខទូរសព្ទ ០៩២ ៨៩ ៩៩ ៦៦ ឬ គណនីហ្វេសប៊ុកផ្លូវការអាជ្ញាធរជាតិអប្សរា ដែលមានឈ្មោះ អាជ្ញាធរជាតិអប្សរា Apsara National Authority

ប្រភព៖ អាជ្ញាធរជាតិអប្សារា