សហគមន៍កសិកម្មមានជ័យស្នួលទ្រេត គ្រោងដាំស្លឹកគ្រៃពូជភ្លុកដំរីឱ្យបាន១០០០ហិកតា ដើម្បីទប់ស្កាត់ការនាំចូលគល់ស្លឹកគ្រៃពីក្រៅប្រទេស ។ លោក នាក់ ភា ប្រធានគណៈកម្មាធិការត្រួតពិនិត្យរបស់សហគមន៍កសិកម្មមានជ័យស្នួលទ្រេត បានមានប្រសាសន៍ថា ទោះបីកម្ពុជាជាប្រទេសកសិកម្ម ប៉ុន្តែកម្ពុជានៅតែនាំចូលផលិតផលកសិកម្មមួយចំនួន រួមទាំងគល់ស្លឹកគ្រៃផងដែរ ។ ដូច្នេះដើម្បីទប់ស្កាត់ការនាំចូលគល់ស្លឹកគ្រៃពីក្រៅប្រទេសរាប់រយតោនក្នុងមួយថ្ងៃៗ ទើបសហគមន៍កសិកម្មមានជ័យស្នួលទ្រេត បាននឹងកំពុងជំរុញនិងលើកទឹកចិត្តក្នុងការចុះកិច្ចសន្យាជាមួយកសិករដើម្បីបន្តដាំស្លឹកគ្រៃបន្ថែមទៀត ឱ្យបានដល់១០០០ហិកតា ខណៈបច្ចុប្បន្នសហគមន៍ដាំបានលើផ្ទៃដីប្រមាណជិត ៥០០ហិកតាហើយ។
(រូបតំណាង)
លោកបន្តថា គោលដៅសំខាន់របស់សហគមន៍ គឺចង់បញ្ឈប់ការនាំចូលគល់ស្លឹកគ្រៃពី ក្រៅប្រទេស ដែលសហគមន៍បានអនុញ្ញាតឱ្យកសិករដាំស្លឹកគ្រៃពូជភ្លុកដំរីតែមួយទេ ជាពិសេសដាំតាមលក្ខណៈស្ដង់ដារបច្ចេកទេសត្រឹមត្រូវដែលសហគមន៍បានកំណត់ ។
(រូបតំណាង)
លោកបានបន្តថា ផ្ទៃដីដែលដាំដុះក្នុងឆ្នាំ២០២១នេះ នឹងបង្កើនឱ្យដល់ចំនួន១ពាន់ហិកតា ដើម្បីបញ្ចៀសការនាំចូលស្លឹកគ្រៃពីបណ្ដាប្រទេសជិតខាង ។ តែឥឡូវនេះសភាពការណ៍កូវីដ-១៩ ឱ្យស្ងប់ស្ងាត់បន្តិច ប៉ុន្តែកសិករយើងបានសំងំប្រឹងប្រែងបង្កបង្កើនផល ដើម្បីធានាឱ្យមានបរិមាណគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារបញ្ជាទិញ ឆ្លើយតបទៅនឹងស្តង់ដារគុណភាពដែលទីផ្សារត្រូវការ និងឆ្លើយតបទៅនឹងនវានុវត្តចីរភាពទីផ្សារ ។

លោកបានបន្ថែមទៀតថា សព្វថ្ងៃសហគមន៍អាចផ្គត់ផ្គង់គល់ស្លឹកគ្រៃប្រមាណ ៤០តោនទៅ ៥០តោន ក្នុងមួយថ្ងៃទៅរាជធានីភ្នំពេញ ហើយជាគោលដៅបន្តសហគមន៍នឹងបង្កើតឱ្យមានផ្សារអនឡាញ ដោយមិនផ្តោតសំខាន់ទៅលើទីតាំងដែលអ្នកប្រើប្រាស់មកទិញផ្ទាល់នោះទេ គឺគ្រាន់តែជាកន្លែងដែលអាចធានាថា បញ្ជូនទំនិញបានលឿនទាន់ចិត្ត ទាន់ពេលវេលាដល់ដៃអ្នកទទួលទាន ។

សូមបញ្ជាក់ថា សហគមន៍កសិកម្មមានជ័យស្នួលទ្រេត ស្ថិតក្នុងស្រុកអូរបីជាន់ ខេត្តបន្ទាយមានជ័យ បានបង្កើតឡើងកាលពីឆ្នាំ២០១៩ ដែលមានសមាជិកជិត១០០នាក់ ហើយដំណាំដែលសហគមន៍ផ្តោតសំខាន់គឺដាំស្លឹកគ្រៃ ៕
(រូបតំណាង)
ប្រភព៖ ក្រសួងព័ត៌មាន


