មន្ត្រីបច្ចេកទេសកសិកម្មខេត្តមណ្ឌលគិរី បានពង្រីកការបណ្តុះបណ្តាលជំនាញកសិកម្មបែបថ្មី ជូនដល់កសិករ ដើម្បីឱ្យការដាំដំណាំទទួលបានទិន្នផលខ្ពស់ និងធានាបានសុវត្ថិភាពអ្នកបរិភោគ។ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានប្រាប់វិទ្យុជាតិកម្ពុជាថា កន្លងមកប្រជាកសិករខេត្តមណ្ឌលគិរី បានដាំដុះដំណាំកសិកម្មតាមរបៀបបុរាណ គឺដាំតាមរដូវកាល ដោយគ្រាន់តែ សម្រាប់ផ្គត់ផ្គង់តម្រូវការហូបចុកតិចតួចតែប៉ុណ្ណោះ ។
លោកបានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ ពីឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្មបានជួយធ្វើជាស្ពានចម្លង រវាងអ្នកផលិតទៅឈ្មួញតាមរយៈចុះកិច្ចសន្យាផ្គត់ផ្គង់ ដែលកិច្ចសន្យាអនុវត្ត ផលិតកម្មកសិកម្មនេះ បានផ្តល់បច្ចេកទេសកសិកម្មទំនើប ដូចជាដាំបន្លែក្នុងផ្ទះសំណាញ់ ប្រើប្រព័ន្ធដំណក់ទឹកនិងសាច ប្រើប្រាស់ជីនិងថ្នាំកសិកម្មត្រឹមត្រូវ តាមបច្ចេកទេស ចេះសន្សំ និងផលិតជី សម្លាប់សត្វល្អិតតាមបែបធម្មជាតិ និងធ្វើឱ្យពួកគាត់មានទីផ្សារ ហើយបានប្ដូរឥរិយាបថចាស់ ងាកមកដាំដំណាំតាមបច្ចេកទេសទាន់សម័យ ដែលចំណាយពេលវេលាតិច ទទួលបានផលច្រើន ជួយលើកកម្ពស់ជីវភាពប្រជាកសិករ។

លោកបានមានប្រសាសន៍ថា៖ «អញ្ចឹងយើងសង្ឃឹមថាឆ្នាំ ២០២១នេះយើងនឹងពង្រីកបានផ្ទះសំណាញ់មួយចំនួនថែមទៀត សម្រាប់ឱ្យបងប្អូន ប្រជាកសិករ គាត់យល់ដឹងពីការដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់នេះគឺមានប្រយោជន៍ ជាពិសេសការដាំនៅរដូវវស្សា វាអាចធន់ទ្រាំនឹងទឹកភ្លៀងហើយការដាំបន្លែក្នុងផ្ទះសំណាញ់ គឺអាចការពារបាននូវកត្តាសត្វចង្រៃដែលបំផ្លាញដំណាំ ។ហើយមន្ទីរ នឹងខិតខំផ្សព្វផ្សាយឲ្យគាត់យល់អំពីអ្វីដែលជាបច្ចេកទេសថ្មីនេះ ដើម្បីឲ្យពួកគាត់ថ្ងៃក្រោយទៅ មានលទ្ធភាព ឈានទៅពង្រីកការដាំដុះរបស់តាមរយៈបច្ចេកទេសថ្មីដែលធន់នឹង ការបម្រែបម្រួលអាកាសធាតុ»។

លោកបន្តទៀតថា កន្លងមន្ទីរកសិកម្មខេត្ត បានផ្ដល់ជូននៅផ្ទះសំណាញ់ចំនួន៦គ្រួសារ ធ្វើជាមូលដ្ឋានសម្រាប់សហការ ជាមួយអង្គការដៃគូ និងមានការលើកទឹកចិត្តជូនកសិករគំរូ ដែលបានប្រើប្រាស់រោងសំណាញ់ ប្រព័ន្ធទឹក ដាំបន្លែបានល្អ ស្របតាមគោលការណ៍របស់មន្ទីរផងដែរ ដែលធ្វើឱ្យបន្លែ ធានាបានសុវត្ថិភាព និងលក់បានថ្លៃ៕

ប្រភព៖ ក្រសួងព័ត៌មាន


