ម្ចាស់អាជីវកម្មពាក់ព័ន្ធនឹងអាហារហូបចុកស្ទើរតែទាំងអស់នៅក្នុងភូមិព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានស្ម័គ្រចិត្តបិទទ្វារជាបណ្តោះអាសន្ន ដោយសារមានអ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ នេះបើយោងតាមការលើកឡើងរបស់អភិបាលស្រុកបន្ទាយស្រីតាមរយៈគណនីហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួន។
កាលពីរាត្រីថ្ងៃទី២៨ ខែមីនា លោក ឃឹម ហ្វីណង់ អភិបាលស្រុកវ័យក្មេងបានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនដូច្នេះថា៖ «ទិដ្ឋភាពដ៏ស្ងប់ស្ងាត់នៅក្នុងភូមិព្រះដាក់»៖ កន្លែងដែលធ្លាប់តែអ៊ូអរ មានចរាចរណ៍ឆ្លងកាត់ទៅវិញទៅមកមិនដែលចេះដាច់ និងតែងតែមានអ្នកលក់ដូរនៅសងខាងផ្លូវស្ទើរគ្រប់ៗផ្ទះ បានប្រែក្លាយទៅជាស្ងាត់ជ្រងំ គ្មានអ្នកធ្វើដំណើរឆ្លងកាត់ទាំងក្នុងពេលថ្ងៃ និងពេលរាត្រី ហើយម្ចាស់អាជីវកម្មពាក់ព័ន្ធនឹងអាហារហូបចុកស្ទើរតែទាំងអស់បានស្ម័គ្រចិត្តបិទទ្វារផ្អាកជាបណ្តោះអាសន្ន ទន្ទឹងរង់ចាំមើលលទ្ធផលពីការធ្វើតេស្តលើសំណាកពីអ្នកពាក់ព័ន្ធផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដយ៉ាងអន្ទះសារ។

កូវីដ១៩ ពិតជាបានផ្លាស់ប្តូរអ្វីៗទាំងស្រុងមែន! វាមិនគ្រាន់តែបានបង្កើតនូវភាពភ័យខ្លាចក្នុងចំណោមអ្នកភូមិប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ។ ទោះជាយ៉ាងណា ក៏នៅសរសើរដល់អ្នកភូមិព្រះដាក់ ដែលបានអនុវត្តវិធានការសុវត្ថិភាព“ពាក់ម៉ាស់-រក្សាគម្លាត”បានយ៉ាងល្អគ្រប់ៗគ្នា ហើយបានឃើញអ្នកជិតខាងភូមិផងរបងជាមួយគ្នាបានរៃគ្នាឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ ជួយដល់ក្រុមគ្រួសារដែលកំពុងជាប់ចត្តាឡីស័កនៅក្នុងផ្ទះ និងមិនអាចចេញទៅណារួចផងដែរ។
សង្ឃឹមថាអ្នកភូមិព្រះដាក់នឹងឆ្លងផុតហានិភ័យលើកនេះ ហើយអ្វីៗនឹងឆាប់វិលត្រលប់ទៅរកសភាពដើមវិញនៅក្នុងពេលឆាប់ៗនេះ។

យ៉ាងណាមិញនៅព្រឹកថ្ងៃទី២៩ នេះ តាមរយៈអភិបាលស្រុកបន្ទាយស្រី ដដែល បានបង្ហោះនៅដំណឹងល្អ ចំពោះលទ្ធផលធ្វើតេស្តលើសំណាករបស់ក្រុមគ្រួសារអ្នកលក់នំបញ្ចុកក្នុងភូមិព្រះដាក់ទាំង៨នាក់ “អវិជ្ជមាន”ទាំងអស់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏រដ្ឋបាលស្រុកនៅតែបន្តឲ្យប្រជាពលរដ្ឋធ្វើចត្តាឡីស័កបន្តទៀត ហើយត្រូវយកសំណាក់ និងរង់ចាំលទ្ធផលជាលើកទី២ មួយទៀតទើបអាចធានាសុវត្ថិភាពបានទាំងស្រុង៕





រូបភាព និងប្រភព៖ អភិបាលស្រុកបន្ទាយស្រី


