ដំណាំមន នៅខេត្តបាត់ដំបងកំពុងមានទីផ្សារខ្ពស់ និងមានអត្ថប្រយោជន៍ច្រើន ខណៈដែលបច្ចុប្បន្នផ្លែមននេះ អាចយកទៅទទួលទានស្រស់ កែច្នៃធ្វើទឹកមន និងការធ្វើជាដំណាប់ ដែលជួយថែរក្សាសុខភាពអ្នកបរិភោគ។ លោកស្រី ឡឺ ចាន់នី ស្ថិតនៅក្នុងភូមិអូរពងមាន់ ឃុំតាក្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រីបានចាប់យកការងារដាំផ្លែមន អស់រយ:ពេល ២ឆ្នាំមកហើយ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក ខណៈដែលប្រជាពលរដ្ឋមានតម្រូវការទិញច្រើនយកទៅបរិភោគ។
លោកស្រីបានបន្តថា ផ្លែមន គឺជាប្រភេទដំណាំ ដែលមានអត្ថប្រយោជន៏ច្រើនចំពោះសុខភាព ទាំងមនុស្សចាស់និងក្មេង ។ គ្រាន់តែផ្លែ និងស្លឹករបស់វា យកមកដាំទឹកផឹក សម្រាប់ជួយព្យាបាលជំងឺក្រពះ ទល់លាមក លើសជាតិស្ករជាដើម។

លោកស្រី បានបន្ថែមថា ផ្លែមន អាចប្រមូលផលបាន ក្រោយពីដាំក្នុងរយៈពេល១ឆ្នាំ ក្នុងបរិមាណពី ៣០ទៅ៤០គីឡូក្រាមជារៀងរាល់ថ្ងៃ លើផ្ទៃដី ២ហិកតា ។ សម្រាប់តម្លៃវិញ គឺផ្លែមនស្រស់ ក្នុង១គីឡូក្រាម មានតម្លៃប្រមាណ ៣២០០០រៀល និងពូជដើមមន មានតម្លៃ ២០០០០រៀលក្នុងមួយដើម។ លោកស្រីឡឺ ចាន់នី អះអាងថា លោកស្រីបានចាប់ផ្ដើមដាំដំណាំមននេះ តាំងពីឆ្នាំ២០១៩ ដោយបាននាំយកពូជមកពីប្រទេសថៃ ៕


ប្រភព៖ ក្រសួងព័ត៌មាន


