ដំណាំការ៉ុត ស្ពៃបូកគោ និងស្ពៃក្តោប កំពុងមានទីផ្សារល្អប្រចាំខេត្តមណ្ឌលគិរី ខណៈដែលដំណាំទាំងអស់នោះ ត្រូវបាន អ្នកបរិភោគទូទៅវាយតម្លៃថា មានគុណភាពល្អ និងស្រួយឆ្ងាញ់ពិសេស អាចលក់បានថ្លៃ និងមានទីផ្សារនាំទៅកាន់រាជធានីភ្នំពេញ។ លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តមណ្ឌលគិរី មានប្រសាសន៍ប្រាប់អ្នកយកព័ត៍មានវិទ្យុជាតិ កម្ពុជាថា ខេត្តមណ្ឌលគិរីមានស្ថានភាពភូមិសាស្រ្តអំណោយផលលើវិស័យកសិកម្ម ដោយសារអាកាសធាតុត្រជាក់គ្រប់រដូវ កាល រួមជាមួយដីមានជីវជាតិដែលធ្វើឱ្យបន្លែគ្រប់ប្រភេទលូតលាស់បានល្អ ពិសេសដំណាំការ៉ុត ស្ពៃបូកគោ និងស្ពៃក្តោប ដែលទទួលបានការពេញនិយម និងមានតម្រូវការខ្ពស់ក្នុងទីផ្សារបន្លែនៅកម្ពុជា ហើយត្រូវបានអ្នកបរិភោគវាយតម្លៃថា វាមានរស់ជាតិឆ្ងាញ់ ប្លែកជាងបន្លែដាំនៅតំបន់ផ្សេងៗ។
លោកបានបន្តថា បើគិតត្រឹមពេលនេះ ខេត្តមណ្ឌលគិរីមានផ្ទៃដីដាំស្ពៃក្ដោប ស្ពៃបូកគោ និងការ៉ុត ប្រមាណជាង ១៥ហិកតា ហើយក្នុងរយៈពេល៣ឆ្នាំមកនេះ អាចទទួលទិន្នផលបានពីចន្លោះ ៨តោនទៅ១០តោន ក្នុងមួយរដូវ។ ដោយឡែកតម្លៃវិញ អាចលក់បានពី៥០០០រៀល ទៅ៦០០០រៀល ក្នុងមួយគីឡូក្រាម។

លោកក៏បានបញ្ជាក់ទៀតថា បច្ចុប្បន្នមន្ទីរក៏មានជាបណ្ដុំកសិកម្ម ក្នុងការទទួលទិញបន្លែដែលប្រជាកសិករប្រមូលផលរួច ដើម្បីងាយស្រួលទាំងអ្នកផលិត និងអ្នកបញ្ជាទិញ ហើយក៏លើកទឹកចិត្តឱ្យប្រជាកសិករ ព្យាយាមដាំបន្លែប្រភេទមើមនិង បន្លែប្រភេទស្លឹកឱ្យបានច្រើន ធ្វើយ៉ាងណាឱ្យមានលំនឹងលើសេដ្ឋកិច្ចប្រចាំថ្ងៃ ក៏ដូចជាជួយរកចំណូលបង្កើននូវជីវភាព ក្នុងគ្រួសារផងដែរ៕



ប្រភព៖ ក្រសួងព័ត៌មាន


