រដ្ឋបាលក្រុងបាងកក បានសម្រេចបន្ធូរបន្ថយវិធានការរឹតបន្តឹងនៅផ្សារដ៏ល្បីមួយប្រចាំ្រប្រទេសថៃ គឺផ្សារ Chatuchak ដែលនឹងបើកដំណើរការនៅពាក់កណ្ដាលខែមេសា ខាងមុងនេះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នងស្រុក The Nation Thailand ។ លោកស្រី Wanlaya Wattanarat អនុលេខាធិការអចិន្រ្តៃយ៍របស់រដ្ឋបាលក្រុងបាងកក បានឲ្យដឹងថា ការបន្ធូរបន្ថយវិធានការរឹតបន្តឹងនេះ នឹងអនុញ្ញាតឲ្យអាជីវករបើកតូបលក់ដូររបស់ពួកគេរយៈពេល ៦ថ្ងៃ ក្នុងមួយសប្ដាហ៍ ពោលគឺលើកលែងតែថ្ងៃ ច័ន្ទ ដើមសប្ដាហ៍ដែលត្រូវបិទផ្សារ។
ជាមួយគ្នានេះដែរ រដ្ឋបាលក្រុងបាងកក ក៏បានបញ្ជាឱ្យអ្នកគ្រប់គ្រងផ្សារពង្រីកផ្លូវដើរក្នុងផ្សារ ដោយដកអ្វីដែលជាឧបសគ្គ និងតូប ដែលឡោមព័ទ្ធលើផ្លូវដើរ ដើម្បីកាត់បន្ថយភាពចង្អៀតណែនណាន់តាន់តាប់នៅតាមតំបន់ ក៏ដូចជាដំឡើងភ្លើងបំភ្លឺដើម្បីសម្រួលដល់ការដើរទិញឥវ៉ាន់នៅពេលយប់របស់ប្រជាជន។

លើសពីនេះ រដ្ឋបាលក្រុងបាងកក បានជំរុញឱ្យអាជីវករជាង ១ម៉ឺននាក់នៅក្នុងតំបន់ ៣១ នៃផ្សារ ត្រូវបញ្ជូនតំណាងម្នាក់មកពីតំបន់នីមួយៗឱ្យចូលរួមប្រជុំជាមួយ រដ្ឋបាលក្រុងបាងកក និងអ្នកគ្រប់គ្រងផ្សារ ដើម្បីដោះស្រាយបញ្ហាណាមួយដែលពួកគេអាចមាន និងស្វែងរកដំណោះស្រាយជាមួយគ្នា។

គួរឲ្យដឹងផងដែរថា ផ្សារ Chatuchak ត្រូវបានបញ្ជាឱ្យបិទនៅថ្ងៃធ្វើការ ដោយអនុញ្ញាតឲ្យបើកតែនៅចុងសប្តាហ៍ប៉ុណ្ណោះ ដើម្បីការពារការរីករាលដាលនៃវីរុស Covid-19 ។ ជាក់ស្ដែង អាជីវករនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ត្រូវបានអនុញ្ញាតឱ្យបើករហូតដល់ម៉ោង ១០យប់ហើយ Chatuchak នឹងបិទរៀងរាល់ថ្ងៃច័ន្ទដើម្បីសម្អាត។ យ៉ាងណាមិញ បើទោះបី ផ្សារនេះ នឹងអនុញ្ញារឲ្យបើកដំណើរឡើងវិញក្នុងរយៈពេល៦ថ្ងៃ ក្នុងមួយសប្ដាហ៍ក្ដី ក៏អាជីវករ និងអ្នកទិញឥវ៉ាន់នៅទីនោះ នៅតែត្រូវអនុវត្តតាមវិធានការបង្ការវីរុស Covid-19 រួមមានការពាក់ម៉ាស រក្សាគម្លាត និងលាងដៃជាប្រចាំ៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


