ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបដិសេធគម្រោងអភិវឌ្ឍន៍ដ៏ធំមួយដែលមានឈ្មោះថា “បឹងអច្ឆរិយៈអង្គរ” ដែលបានស្នើដោយក្រុមហ៊ុន ណាហ្គាគ្រុប (Naga Group) ដែលជាម្ចាស់ណាហ្គាវើល (Naga world) ក្នុងរាជធានីភ្នំពេញ។ ការបដិសេធរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំពោះគម្រោងយក្សនេះ ត្រូវបានឲ្យដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានបានរៀបរាប់ដូច្នេះថា ក្នុងកិច្ចប្រជុំពេញអង្គ លើកទី២៧ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ អាយស៊ីស៊ី-អង្គរ (ICC-Angkor) បានស្ដាប់បទបង្ហាញ នូវសំណើនៃម្រោងអភិវឌ្ឍន៍ “បឹងអច្ឆរិយៈអង្គរ” ដែលបានលើកឡើងដោយក្រុមហ៊ុន Naga Group ដើម្បីដាក់ជូនអ្នកជំនាញការ Ad Hoc ពិនិត្យយោបល់។ បន្ទាប់ពីស្ដាប់បទបង្ហាញ ក៏ដូចជាការផ្ដល់យោបល់ជាបន្តបន្ទាប់ ក្នុងកិច្ចប្រជុំពេញអង្គលើកទី២៧ និងលទ្ធផលនៃកិច្ចប្រជុំពិសេសពីរលើកទៀតនាថ្ងៃទី២២ ខែកុម្ភៈ និងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានជំហរស្របគ្នាជាមួយគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងយោបល់ពីអ្នកជំនាញ Ad Hoc ហើយយល់ឃើញថា គម្រោងអភិវឌ្ឍន៍ “បឹងអច្ឆរិយៈអង្គរ” ដែលស្នើដោយក្រុមហ៊ុនណាហ្គា ពុំអាចអនុវត្តបានទេ នៅក្នុងបរិបទនេះ។

គួរបញ្ជាក់ផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុនណាហ្គាខប (NAGA CORP) បានប្រកាសពីគម្រោងអភិវឌ្ឍន៍មួយឈ្មោះថា «បឹងអច្ឆរិយៈអង្គរ»។ “បឹងអច្ឆរិយៈអង្គរ” គឺជារមណីយដ្ឋានមិនរាប់បញ្ចូលនូវសេវាកម្មល្បែងស៊ីសងគ្រប់ប្រភេទ ដែលមានទំហំផ្ទៃដី ៧៥ហិកតា មិនឆ្ងាយប៉ុន្មានពីឧទ្យានអង្គរ ក្នុងរង្វង់ទឹកប្រាក់ចំនួន ៣៥០ លានដុល្លារអាមេរិក៕


អត្ថបទ៖ លីនី


