កសិករក្នុងខេត្តសៀមរាបជ្រើសរើសការដាំដំណាំកសិកម្មតាមបែបប្រព័ន្ធដំណក់ទឹកអាចរកប្រាក់ចំណូលបានគួរសម តាមរយៈដំណាំរីកលូតលាស់ល្អ ទទួលបានទិន្នផលច្រើនហើយលក់បានតម្លៃថ្លៃ។ ទោះបីស្ថិតក្នុងវិបត្តិសាកលនៃជំងឺកូវីដ១៩ ប្រជាកសិករនៅខេត្តសៀមរាបនៅតែបន្តសកម្មភាពដាំដំណាំកសិកម្ម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ស្របទៅនឹងយន្តការជំរុញលើកទឹកចិត្តពីសំណាក់ក្រសួងកសិកម្ម។ជាក់ស្តែងកសិករភាគច្រើនរស់នៅក្នុងស្រុកជីក្រែងនៃខេត្តសៀមរាបកំពុងប្រមូលផលដំណាំត្រសក់ស្រូវទុំ ដើម្បីលក់ទៅកាន់ទីផ្សារ ដោយអនុវត្តការងារដំាដុះតាមបែបទំនើប។
លោកទា ចក់ អាយុ៤១ឆ្នាំ រស់នៅភូមិតាព្រហ្ម ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប បានប្រាប់អ្នក យកព័ត៌មានវិទ្យុជាតិកម្ពុជាថាលោកចាប់ផ្តើមប្រកបមុខរបរដាំបន្លែលក់ បន្តពីឪពុកម្តាយមកជាយូរយាណាស់មកហើយ ដោយដំបូងឡើយការដាំដុះជាលក្ខណៈធម្មជាតិបែបបុរាណ មិនមានបច្ចេកទេសអ្វីឡើយ ប៉ុន្តែដោយសង្កេតឃើញថាបច្ចេកវិទ្យាចេះតែមានភាពជឿនលឿន ការដំាដុះដំណាំកសិកម្មក៏មានភាពវិវឌ្ឍនរីកចម្រើនឥតឈប់ឈរ ទើបលោកសម្រេចចិត្តសាកល្បងជ្រើសរើសការដាំដុះតាមបែបប្រព័ន្ធដំណក់ទឹក រហូតទទួលបានជោគជ័យដូចសព្វថ្ងៃ។

លោកបន្តថា ការដាំដុះដំណាំតាមបែបវិទ្យាសាស្ត្រ មានភាពងាយស្រួល ឆាប់ទទួលបានទិន្នផល មិនប៉ះពាល់ដល់ដំណាំ និងទទួលបានទិន្នផលខ្ពស់ជាការដាំដុះតាមបែបបុរាណ។ ជាមួយគ្នានេះ បច្ចុប្បន្ននេះលោកកំពុងដាំដុះដំណាំមួយចំនួនមានដូចជា៖ ល្ពៅ ត្រសក់ទុំ នឹងបន្តរៀបចំការដាំត្រសក់ទ្រើងបន្ថែមទៀត ខណៈដែលដំណំានេះមានតម្រូវការទីផ្សារស្រាប់។

គួរជម្រាបផងដែរថា ត្រសក់ស្រូវជាប្រភេទដំណាំមួយ ដែលត្រូវបានគេនិយមចូលចិត្តបរិភោគទាំងផ្លែខ្ចី និងផ្លែទុំ ដោយមានផលប្រយោជន៍ច្រើនចំពោះសុខភាព និងមានតម្រូវការទីផ្សារខ្ពស់ ដែលប្រជាកសិករចូលចិត្តដាំដុះ ដើម្បីលក់ទៅកាន់ទីផ្សារ រកប្រាក់ចំណូលផ្គងផ្គង់ជីវភាពគ្រួសារ៕




ប្រភព៖ ក្រសួងព័ត៌មាន


