គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះ បានធ្វើការសំណូមពរទៅកាន់ម្ចាស់តូប និងស្តង់ ដែលជួលឲ្យអាជីវករនៅក្នុងផ្សារ មេត្តាជួយបន្ធូរបន្ថយតម្លៃឈ្នួលតូបមួយរយៈតាមដែលអាចធ្វើបាន ដើម្បីឱ្យបងប្អូនអាជីវករមានលទ្ធភាព លក់ដូរបានបន្តទៅទៀត។
យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិកមុននេះបន្តិចបានឲ្យដឹងថា មូលហេតុនៃការសំណូមពរនេះ គឺដោយមើលឃើញថាមួយរយៈចុងក្រោយនេះ ការរីករាលដាលនៃជំងឺកូវីដ-១៩ បានឆ្លងចូលក្នុងសហគមន៍ ហើយបង្កើតបានជាព្រឹត្តិការណ៍ ២០កុម្ភៈ ដែលមកទល់ពេលនេះនៅតែបន្តរាតត្បាត និងបានធ្វើឲ្យបងប្អូនអាជីវករលក់ដូរនៅផ្សារអូឡាំពិកពុំមានអតិថិជនមកទិញទំនិញ។

ហេតុដូច្នេះហើយគណៈកម្មការគ្រប់គ្រងផ្សារ សូមសំណូមពរដល់បងប្អូនដែលមានស្តង់ និងតូប ជួលឱ្យបងប្អូនអាជីវករនៅក្នុងផ្សារ មេត្តាបន្ធូរបន្ថយតម្លៃឈ្នួលតូបមួយរយៈ ហើយគណៈកម្មការគ្រប់គ្រងផ្សារសង្ឃឹមថា បងប្អូនម្ចាស់ស្តង់ និងតូប នឹងមានការយោគយល់ក្នុងគ្រាដែលលំបាកលំបិននេះ។ សូមជម្រាបថា កន្លងមកបងប្អូនម្ចាស់តូប និងស្តង់មួយចំនួន បានបន្ធូរបន្ថយថ្លៃឈ្នួលតូបរួចទៅហើយដល់អាជីវករដែលបានឈួលតូប ឬ ស្តង់របស់ពួកគេ នេះបើតាមការលើកឡើងរបស់គណៈកម្មការគ្រប់គ្រងផ្សារ៕



អត្ថបទ៖ លីនី


